ក្រុមបាតុករ​​ហុងកុងអំពាវនាវ​​ឲ្យ​អាមេរិក​និង​អង់គ្លេស​​ជួយ​​អន្ដរាគមន៍

17-08-2019 10:33 am 1226

​មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្ដុំ​នៅ​សួនច្បារ​Chater Garden ក្នុង​ទីក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​សុក្រ ដែល​ជាការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាថ្មីទៀត​នៅក្នុង​ទីក្រុង​។ ការប្រមូលផ្ដុំ​រៀបចំឡើង​ដោយ​សហព័ន្ធ​និស្សិត​ជាច្រើន​ក្រុម នាំគ្នា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អន្ដរជាតិ​ជួយ​ចាត់វិធានការ​អន្ដរាគមន៍​។ ក្រុមបាតុករ​បានទាមទា​រ​ឲ្យ​ចក្រភព​អង់គ្លេស​ប្រកាសថា ចិន​បាន​រំលោភ​លើ​សេចក្ដីប្រកាស​រួម​ឆ្នាំ​១៩៨៤​។ សន្ធិសញ្ញា​នេះ​បានរៀបចំ​ប្លង់​ស្ដីពី​របៀប​ដែល​ហុងកុង​ត្រូវបាន​គ្រប់គ្រង​ដោយ​ចិន​វិញ ក្រោយ​អង់គ្លេស​ប្រគល់ឲ្យ​ក្នុង​ឆ្នាំ​១៩៩៧​។​

​ប្រទេស​ចិន​ធ្លាប់​និយាយថា ខ្លួន​បានចាត់ទុក​ការប្រកាស​នេះ​ជា​ឯកសារ​ប្រវត្ដិសាស្ដ្រ លែងមាន​សារសំខាន់​ជាក់ស្ដែង​ទៀតហើយ ខណៈ​ចក្រភព​អង់គ្លេស​ថា​ជា​សន្ធិសញ្ញា​មាន​សុពលភាព​ស្រប​តាមច្បាប់ ដែល​ខ្លួន​បាន​ប្ដេជ្ញាចិត្ដ​ក្នុង​ការលើកស្ទួយ​។ ក្រុមបាតុករ​ក៏បាន​អំពាវនាវ​ឲ្យ​អាមេរិកនិង​អង់គ្លេស អនុវត្ដ​ទណ្ឌកម្ម​លើ​អ្នក​ដែល​ទទួលខុសត្រូវ ចំពោះ​ការបង្ក្រាប​សិទ្ធិ​និង​សេរីភាព​នៅ​ហុងកុង បង្កឲ្យមាន​ភាពស្មុគស្មា​ញ​ដល់​សព្វថ្ងៃ​។ 

​ប្រជាជន​ហុងកុង​រាប់លាន​នាក់​បាននាំគ្នា​តវ៉ា​តាម​ដងផ្លូវ​ក្នុង​ក្រុង រយៈពេល​ជាង​ពីរ​ខែ​ហើយ​ដោយមាន​អំពើហិង្សា​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ផងដែរ​។ ដើមហេតុ​ដំបូង​ពួកគេ​តវ៉ា​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដោយ​អនុញ្ញាតឲ្យ​បញ្ជូនជន​សង្ស័យ​ទៅកាត់​ទោសនៅ​ប្រទេ​សចិន​។ ចាប់តាំងពី​ពេលនេះ​មក​ការតវ៉ា​ក៏​រីក​រាលដាល​កាន់តែ​ធំ មាន​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់ និង​មាន​ការប្រមូលផ្ដុំ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ ត្រូវ​លុបចោល​ជើងហោះហើរ​ជិត​១​ពាន់​ជើង​ប៉ុន្មាន​ថ្ងៃមុន​។ 

នៅ​មិនទាន់​បញ្ចប់​ឡើយ ក្រុម​សិទ្ធិមនុស្ស ក្រុម​សង្គម​ស៊ីវិល គ្រោង​នឹង​រៀបចំ​ការប្រមូលផ្ដុំ​ទៀត​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​។ ការជួបជុំ​របស់​ពួកគេ​ដើម្បី​ប្រឆាំងនឹង​ការសម្រេចចិត្ដ​របស់​ប៉ូលិស ដែល​ពួកគេ​ចោទប្រកាន់ថា​បាន​ប្រើ​អំពើហិង្សា​លើ​ក្រុមបាតុករ និង​បាន​ចាប់ខ្លួន​មនុស្ស​ប្រមាណ​៦០០​នាក់​។ ក្រុមបាតុករ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ និង​ត្រូវ​រក​យុត្ដិធម៌​ឲ្យ​អ្នក​ដែល​រងរបួស​។ ចំណែក​អាជ្ញាធរ​បាន​ឆ្លើយតប​កន្លងមក​ថា ប្រសិនបើ​ក្រុមបាតុករ​មិន​ប្រើ​អំពើហិង្សា ហុងកុង​ក៏​មិន​ប្រើ​កងកម្លាំង​ឲ្យ​ចុះបង្ក្រាប​ដែរ​៕

ព័ត៌មានផ្សេងទៀត