អាមេរិក​​គ្រោង​លក់​​យន្ដហោះ​​ចម្បាំង​​៦៦​គ្រឿង​​ឲ្យ​តៃវ៉ាន់​

17-08-2019 9:22 am 886

​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​បន្ដដំណើរ​ទៅមុខ​ជាមួយ​ការលក់​យន្ដហោះ​ចម្បាំង​F-16​ទៅឲ្យ​តៃវ៉ាន់​។ កាសែត​Washington Post​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋបាល​របស់លោក​ត្រាំ​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​សភា​រួចហើយ ពី​ផែនកា​រលក់​យន្ដហោះ​ចម្បាំង​៦៦​គ្រឿង​តម្លៃ​៨​ពាន់​លាន​ដុល្លារ​ទៅឲ្យ​តៃវ៉ាន់​។​

​ការ​សម្រេចចិត្ដនេះ​ធ្វើឡើង​បន្ទាប់ពី​មានកា​រ​ស្នើសុំ​ពី​រដ្ឋាភិបាល​តៃវ៉ាន់ ដែល​ដឹកនាំ​ដោយ​លោកស្រី​ត្សៃ អ៊ីង​វិន​។ លោកស្រី​បាន​ខ្នះខ្នែង​ធ្វើ​ទំនើបកម្ម​សម្ភារ​យោធា ដើម្បី​ប្រឆាំង​ការកើនឡើង​នូវ​សម្ពាធ​ពី​ប្រទេស​ចិន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​ថា ការលក់​នេះ​គឺជា​ប្រតិ​បត្ដិកា​រទិញ​អាវុធ​តែមួយ​មុខដ៏​ធំ​បំផុ​តរវាង​អាមេរិក​និង​តៃវ៉ាន់ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។​

​កាលពី​ខែ​មុន​រដ្ឋាភិបាល​អាមេរិក​បានអនុម័ត ផែនការ​លក់​អាវុធ​តម្លៃ​២.២​ពាន់​លាន​ដុល្លារ​ទៅឲ្យ​កោះ​តៃវ៉ាន់ ក្នុងនោះ​មាន​រថក្រោះ​១០៨​គ្រឿង មី​ស៊ី​ល​២៥០​ដើម និង​គ្រាប់រំសេវ​ជាច្រើន​ទៀត​។ ក្រុម​តាមដាន​ស្ថានការណ៍​បាន​និយាយថា អាមេរិក​កំពុង​ប្រើប្រាស់​ការលក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន នៅពេលដែល​មហាអំណាច​ទាំងពីរ​កំពុង​ជាប់គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។​

​គួរ​បញ្ជាក់ថា ប្រទេស​ចិន​តែងតែ​រិះគន់​អាមេរិក​មិន​សំចៃ​មាត់ ជុំវិញ​ផែនកា​រលក់​អាវុធ​ទៅឲ្យ​កោះ​តៃវ៉ាន់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ការលក់​អាវុធ​ទៅឲ្យ​តៃ​វ៉ាន់បាន​រំលោភ​យ៉ាងធ្ងន់ធ្ង​រលើ​គោលការណ៍​ចិន​តែមួយ ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ជា​ការបំផ្លាញ​អធិបតេយ្យភាព​របស់​ចិន​៕

ព័ត៌មានផ្សេងទៀត