រដ្ឋាភិបាល​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ស្វែងរក​​ការផ្លាស់ប្ដូរ​​យន្ដការ​ចរចា​​ជាមួយ​​ក្រុមប្រឆាំង​

16-08-2019 2:29 pm 330

​រដ្ឋមន្ដ្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​Jorge Arreaza បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​អាច​នឹង​ជួប​ជាមួយ​អ្នកសម្របសម្រួល​ន័រ​វេស ជា​កិច្ចខិតខំ​ប្រឹងប្រែង​ចាប់ផ្ដើម​ចរចា​ជាមួយ​ក្រុមប្រឆាំង​ជាថ្មី​។ គោលបំណង​ក្នុង​ការចរចា ដើម្បី​ដោះស្រាយ​វិបត្ដិនយោបាយ​ដែល​កំពុង​ជាប់គាំង​ជា​យូរ​មកហើយ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​Caracas លោក​Arreaza​ឲ្យដឹងថា រដ្ឋាភិបាល​កំពុង​ស្វែងរក​ការផ្លាស់ប្ដូរ​យន្ដការ មុនពេល​វិលត្រឡប់​ទៅរក​តុ​ចរចា​ម្ដងទៀត​។ 

“​នឹងមាន​ការទាក់ទង​ជាមួយ​មន្ដ្រី​បេសកជន ហើយ​យើង​ច្បាស់​ណា​ស់នឹង​រៀបចំ​ការចរចា​ឡើងវិញ​ជាមួយ​យន្ដការ​ថ្មី​។ យើង​ចាំបាច់​ត្រូវតែមាន​យុទ្ធសាស្ដ្រ​មួយ ដើម្បី​ធានា​ពី​សន្ដិភាព​និង​និង​ការរួមរស់​ជាមួយគ្នា​។​” នេះ​ជា​សម្ដី​របស់លោក​Arreaza ប៉ុន្ដែ​លោក​មិនបាន​និយាយ​លម្អិត​ជាង​នេះ​ទេ​ថា​យន្ដការ​ថ្មី​នោះ​យ៉ាងណា​។ កាលពី​ថ្ងៃ​ពុធ​មេដឹកនាំ​បក្សប្រឆាំង​លោក​Juan Guaido បាន​បង្ហាញថា​មន្ដ្រីន័​រវេស​កំពុង​ស្ថិតក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដើម្បី​ជួយ​សម្រួល​ដល់​ការរៀបចំ​កិច្ចចរចា​។ ចំពោះ​កិច្ចចរចា​លើក​មុន​បានចាប់ផ្ដើម​ក្នុង​ទីក្រុង​Oslo​ប្រទេសន័​រវេស​កាលពី​ខែ​ឧសភា​។​

​ពាក់ព័ន្ធ​នឹង​ការចរចា​បញ្ចប់វិបត្ដិ ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​លោក​Nicolas Maduro បាន​ផ្អាក​កិច្ចពិភាក្សា​មួយ​កាលពី​សប្ដាហ៍​មុន ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ប្រឆាំង​រដ្ឋាភិបាល​របស់លោក​។ ប៉ុន្ដែ​លោក​រដ្ឋមន្ដ្រីការបរទេស​Arreaza​បាន​ទទូចថា លោក​Maduro​គ្រាន់តែ​ផ្អាក​កិច្ចពិភាក្សា​ប៉ុណ្ណោះ​មិនមែន​លុបចោល​ទេ​។ រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បញ្ជាក់ថា ក្រុមប្រឆាំង​ត្រូវបាន​បែក​ចែក​រវាង​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សន្ដិភាព និង​អ្នក​ដែល​ចង់បាន​ការអន្ដរាគមន៍​យោធា​ពី​បរទេស​។​

​គួរ​បញ្ជាក់ថា កិច្ចពិភាក្សា​បានចាប់ផ្ដើម​នៅក្នុង​ទីក្រុង​Oslo​កាលពី​ខែឧសភា ធ្វើឡើង​មុនពេល​ផ្លាស់ប្ដូរ​ទៅ​ចរចា​ក្នុងប្រទេស​បា​បា​ដូស ជា​កន្លែង​ដែលមាន​ការចរចា​ច្រើនលើក​ចាប់តាំងពី​ដើម​ខែកក្កដា​។ ដោយឡែក​ក្រៅពី​បញ្ហា​ប្រឈម​ខាង​នយោបាយ វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ទទួលរង​នូវ​វិបត្ដិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ ជាមួយនឹង​ប្រជាជន​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​៣០​លាន​នាក់ កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គការសហប្រជាជាតិ​៕ 

ព័ត៌មានផ្សេងទៀត