ក្រសួង​អប់រំ​​សម្រេច​ប្ដូរ​​មណ្ឌល​ប្រឡង​​មួយកន្លែង​នៅ​ខេត្តកំពត​ ​ដោយសារ​​ជំនន់​ទឹកភ្លៀង​​

16-08-2019 11:06 am 293

​យោង​សេចក្តីប្រកាស ស្តីពី​ការកែសម្រួល​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្ដូរ​មណ្ឌល​ប្រឡង​មួយកន្លែង នៅ​សង្កាត់​ក្រាំង​អំពិល ទៅ​ដាក់​នៅ​ក្រុង​កំពត​វិញ ដោយសារ​ជំនន់​ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់​ដល់ដំណើរការ​ប្រឡង​។ 

​យោង​សេចក្តីប្រកាស របស់​ក្រសួង​អប់រំ​ដដែល ក្នុងចំណោម​មណ្ឌល​ប្រឡង​ទាំងអស់ ចំនួន ២០២​មណ្ឌល មានតែ​មណ្ឌល​អនុវិទ្យាល័យ​ក្រាំង​អំពិល​មួយគត់​ត្រូវ​ប្ដូរ ដោយសារ​រង​ផលប៉ះពាល់​ខ្លាំង ពី​ជំនន់​ទឹកភ្លៀង​។ តាម​គម្រោង​មណ្ឌល​នេះ ត្រូវ​បើក​ឱ្យ​បេក្ខជន​ប្រឡង ផ្នែក​វិទ្យាសាស្ត្រ​សង្គម ចំនួន​១៤​បន្ទប់ ប៉ុន្តែ ត្រូវ​សម្រេច​បិទ​ចោល​វិញ  ដោយ​ប្ដូរ​ទៅ​មណ្ឌល​សាលារៀន គួង យ៉ុក ដែល​ស្ថិតនៅក្នុង​ក្រុង​កំពត​។​

​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រសួង​អប់រំ ថា ក្រសួង នៅតែ​បន្ត​តាមដាន​មើល​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់ នៅ​ទូទាំងប្រទេស ប្រសិនបើ​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​ប្រធាន​សក្ដិ​ណាមួយ ក្រសួង​នឹង​ប្រកាស​ផ្លាស់ប្ដូរ​មណ្ឌល​ប្រឡង​ភ្លាមៗ ដោយ​ត្រូវ​សិក្សា​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។ 

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ សីហា ដោយមាន​បេក្ខជន​ប្រឡង​សរុប​​១១៩,២១៧ នាក់​។ ការប្រឡង​នឹង​បែងចែក​ជា​ពីរ​វិញ្ញាសា គឺ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ សិស្ស​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ មាន ៤៥,៤១៤នាក់ និង​សិស្ស​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៧៣,៨០៣​នាក់​។​

​ជា​ការកត់សម្គាល់ ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ក្រសួង​មិន​ដាក់ពង្រាយ​អ្នកសង្កេតការណ៍ មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀត​ទេ ប៉ុន្តែ​ជំនួស​ឲ្យ​អ្នកសង្កេតការណ៍ ក្រសួង​អប់រំ​បាន​បង្កើតឲ្យមាន​ជំនួយកា​រ​អប្បមាទ ដែល​មន្ត្រី​ក្រសួង​អប់រំ​ហៅថា ជា​យន្តការ​ថ្មី លើ​ភារកិច្ច​ចាស់ ហើយ​ក្រសួង​នៅតែ​រឹតបន្តឹង​ការប្រឡង​ដូច​ឆ្នាំមុន​ដដែល ដើម្បី​ចម្រាញ់​យក​គុណភាព​៕

ព័ត៌មានផ្សេងទៀត