លោក​កែវ វី​៖​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ខេត្ត​ចំនួន​៨​និង​ពលរដ្ឋ​ជិត​៨​ពាន់​គ្រួសារ​

15-08-2019 4:31 pm 135
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ទទួលរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ខេត្ត​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​ខេត្ត​ព្រះសីហនុ និង​រតនគីរី រង​ការលិចលង់ ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ និង​ធ្វើឲ្យប៉ះពាល់​ដល់​បងប្អូន​ប្រជាពល​រដ្ឋ ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​ដោយ​មើលឃើញ​ពី​ស្ថានការណ៍​ដូចនេះហើយ ទើប​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​រៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ស្តីពី​«​បច្ចុប្បន្នភាព​គ្រោះទឹកជំនន់​» ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បកស្រាយ​បំភ្លឺ​ពី​ទឹកជំនន់ និង​ផលប៉ះពាល់​ដែល​ទទួលបាន​ពី​ទឹកជំនន់​នេះ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ​ដែរ​លោក​កែវ វី អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៨ និង​ពលរដ្ឋ​ជិត ៨​ពាន់​គ្រួសារ​...

សំឡេង​លោក​កែវ វី​៖

បើ​តាម​ទិន្នន័យ​ដែល​ទទួលបាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្តី​ពី​ផល​ប៉ះពាល់ និង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ឆ្នាំ​២០១៩ បាន​បង្ហាញ​ឲ្យដឹងថា ខេត្ត​ដែល​រង​ផលប៉ះពាល់​មាន​ចំនួន ៨ រួមមាន ខេត្ត​ព្រះសីហនុ កំពត កោះកុង កែប រតនគីរី មណ្ឌល​គី​រី បាត់ដំបង និង​កំពង់ធំ ក្នុង​នោះ​ប៉ះពាល់​ស្រុក​ចំនួន ២១ និង​ឃុំ ៤២ ។​

​នៅក្នុង​ទិន្នន័យ​ក៏​បាន​បញ្ជាក់បន្ថែម​ថា ជំនន់​ទឹកភ្លៀង​នេះ ក៏​បាន​ធ្វើអោយ​ពលរដ្ឋ​ចំនួន ៧,៩៩៩​គ្រួសារ​រង​ផលប៉ះពាល់ (​ក្នុង​នោះ​ចំនួន​មនុស្ស​៩,៥២០​នាក់​) ស្លាប់ ៤​នាក់ និង​ជម្លៀស​ពលរដ្ឋ ៩៦២​គ្រួសារ ប៉ះពាល់​ផ្ទះសំបែង ៦,៨៩៨​ខ្នង (​ខូចខាត ២​ខ្នង​,​សាលារៀន ២២​ខ្នង ,​វត្ត​អារាម​ចំនួន ៩​និង​មន្ទីរពេទ្យ ១​កន្លែង​)​ជម្លៀស​សត្វពាហនៈ ៥,៤៤៧​ក្បាល​។​

បន្ថែម​ពីលើ​នេះ ជំនន់​ទឹកភ្លៀង ក៏​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​សន្ទូង​ចំនួន ៥,២០៨​ហិកតា​(​ខូចខាត ៣០០​ហិកតា​),​ដំណាំ​រួមផ្សំ​ចំនួន ២,២៧៥​ហិកតា (​ខូចខាត​៩៤០​ហិកតា​)​។​ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​វិញ ជំនន់​ទឹក​បាន​ធ្វើឲ្យ​ប៉ះពាល់​ផ្លូវ​ចំនួន ៦​ខ្សែ​,​ផ្លូវលំ​ចំនួន ៦៩​ខ្សែ ,​ស្ពាន ២៣ កន្លែង​,​ទំនប់ ១​កន្លែង និង​បាក់​ច្រាំងទន្លេ ៧៥០​ម៉ែត្រ​។​

​គួរ​កត់សម្គាល់​ដែរ​ថា ទន្ទឹម​នឹង​មាន​បណ្តា​ខេត្ត​មួយចំនួន បាន​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង តែ​ក៏​មាន​បណ្តា​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយព្យ​ប្រទេស កំពុងតែ​ជួប​នូវ​បញ្ហា​កង្វះខាត​ទឹក​នៅ​ឡើយ ដូចជា​ខេត្ត​បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧត្តរមានជ័យ​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​៕

 

ព័ត៌មានផ្សេងទៀត