កម្ពុជា​មាន​មជ្ឈមណ្ឌល​វាយតម្លៃ​ចុងភៅ​​ គួរឲ្យ​ជឿរ​ជា​ក់​​

15-08-2019 3:56 pm 75

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៥ សីហា​នេះ បាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​«​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​ថា​លា​ស (Thalias) ផ្នែក​ផលិតកម្ម​ម្ហូបអាហារ​» ដែលជា​សញ្ញា​បង្ហាញថា ពី​ពេលនេះ​តទៅ កម្ពុជា​មាន​មជ្ឈមណ្ឌល​វាយតម្លៃ​ចុងភៅ​មួយ​ដែល​គួរឱ្យ​ជឿជាក់ ស្របតាម​យន្តការ​ជាតិ និង​អាស៊ាន​។​

​លោក​ថោង ខុន ឱ្យដឹងថា គំនិត​ផ្តួចផ្តើម​ក្នុង​ការគាំទ្រ​បង្កើត​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​នេះ ស្របតាម​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២៥ ដោយមាន​ការចូលរួម​គាំទ្រ​ដោយ​ក្រុមហ៊ុន​ថា​លាស​គ្រុប (Thalias Group) អង្គការ​អាល្លឺម៉ង់ Assist ដែល​អាច​ផ្តល់ឱកាស​ដល់​អ្នកជំនាញ​ផ្នែក​ផលិតកម្ម​ម្ហូបអាហារ (​ចុងភៅ​) ជាពិសេស​ចុងភៅ​ដែល​មានបទពិសោធន៍​ល្អៗ តែ​ពុំទាន់​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ផ្លូវការ ឲ្យទទួល​បានកា​រវាយ​តម្លៃ​សមត្ថភាព និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​កម្រិត​វិញ្ញាបនបត្រ ស្របតាម​យន្តការ​ជាតិ និង​អាស៊ាន​។​

លោក​បញ្ជាក់ថា មជ្ឍមណ្ឌល​វាយតម្លៃ​នេះ យក​ទីតាំង​អនុវត្ត នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស ដែលជា​ភោជនី​ដ្ឋា​ន​លំដាប់​ខ្ពស់ និង​មាន​មេ​ចុងភៅ​ពូកែៗ អាច​ធ្វើជា​អ្នកវាយតម្លៃ និង​គ្រូ​បណ្ដុះបណ្ដាល​បាន​។ ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​ទេសចរណ៍ តាមរយៈ​អភិក្រម​នៃ​ការបណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ គឺជា​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព​មួយ​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ការឆ្លើយតប​និង​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ បុគ្គលិក​បម្រើ​ការងារ ជាពិសេស​ជំនាញ​ចុងភៅ​ឲ្យ​ផ្សព្វផ្សាយ និង​ចូលរួម​វាយតម្លៃ​សមត្ថភាព​របស់ខ្លួន​បន្ថែមទៀត ឱ្យ​កាន់តែ​ទូលំទូលាយ​៕

ព័ត៌មានផ្សេងទៀត