គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​១៤១​នាក់​នៅក្នុង​ខែកក្កដា​

15-08-2019 3:50 pm 166
  ស្តាប់
ស្តាប់ជាសំឡេង

​អគ្គស្នងការ​រង​នគរបាលជាតិ​លោក​ហ៊ឹម យ៉ាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង ខែកក្កដា ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន ៣៣៦​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៤១​នាក់ និង​របួស​ចំនួន៥៩៨​នាក់ របួសធ្ងន់​មាន​ចំនួន​៣៤៥​នាក់​។ នៅក្នុង​នោះ​ផងដែរ មនុស្ស​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​នៅ​រាជធានី​ភ្នំពេញ​ចំនួន ២៩​នាក់ បន្ទាប់ពី​ខេត្ត​ខេ​ព្រះសីហនុ​ចំនួន ១៥​នាក់ និង​ខេត្តកំពង់ស្ពឺ​ចំនួន ១៣​នាក់​។​

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សម្រាប់​ខែកក្កដា នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក​ហ៊ឹម យ៉ាន​បាន​បញ្ជាក់ថា ចំនួន​ជនរងគ្រោះ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ស្លាប់​ចំនួន ៥​នាក់ និង​របួស​ចំនួន ១៩​នាក់​។ មូលហេតុ​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការបើកបរ​លើស​ល្បឿន​កំណត់​៣២​ភាគរយ មិន​គោរព​សិទ្ធិ​២៤​ភាគរយ មិន​ប្រកាន់​ស្តាំ​១៦​ភាគរយ បត់​៩​ភាគរយ វ៉ា​ជែង​១១​ភាគរយ ស្រវឹង​៤​ភាគរយ កត្តា​យានយន្ត​៣​ភាគរយ និង​ងងុយ​១​ភាគរយ ។ 

​បើ​ប្រៀបធៀប​ខែមិថុនា​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៦​លើក ស្មើ​២​ភាគរយ ហើយ​ចំនួន​មនុស្ស ស្លាប់​ថយ​២៤​នាក់​ស្មើ​១៥​ភាគរយ និង​របួស​កើន​១០៣​នាក់​ស្មើ​២១​ភាគរយ​។ តែបើ​ប្រៀបធៀប​ខែកក្កដា​ឆ្នាំមុន គ្រោះថ្នាក់​កើន​ចំនួន​៩៨​លើក​ស្មើ​៤១​ភាគរយ ស្លាប់​កើន​ចំនួន​១១​នាក់​ស្មើ​៨​ភាគរយ និង​របួស​កើន​ចំនួន​២៣៧​នាក់​ស្មើ​៦៥​ភាគរយ ។​

​លោក​ហ៊ឹម យ៉ាន​បាន​កត់សម្គាល់ថា ក្នុងចំណោម​អ្នកស្លាប់​ចំនួន​១៤១​នាក់ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន​១០៥​នាក់​ស្មើ​៧៤​ភាគរយ​។ ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៧៩​នាក់​ស្មើ​៧៥​ភាគរយ​។ នៅក្នុង​ខែ​ដដែល​នោះដែរ មាន​រថយន្ត​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០២​លើក នៅ​ខេត្តស្វាយរៀង បណ្តាលឲ្យ​ស្លាប់​ចំនួន​០២​នាក់ និង​របួស​ចំនួន​៥៨​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត