អាមេរិក​​បញ្ចូល​​ក្រុមហ៊ុន​​នុយក្លេអ៊ែរ​​ចិន​​ក្នុង​បញ្ជីខ្មៅ​​ព្រោះ​​លួច​​​ជួយ​​​យោធា​

15-08-2019 3:47 pm 1376

​អាមេរិក​បាន​បញ្ចូល​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ចិន​ចំនួន​បួន​ក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​ទាំងនោះ​ថា បានរួម​ដៃ​ជួយ​ឲ្យ​យោធា​ចិន​ទទួលបាន​បច្ចេកវិទ្យា​ទំនើប​របស់​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​ទូទៅ​របស់​ចិន និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​General Nuclear Power Corp​ឬ CGNPC, វិទ្យាស្ថាន​ស្រាវជ្រាវ​ថាមពលនុយក្លេអ៊ែរ​ចិន និង​វិទ្យាស្ថាន​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ស៊ូ​ចូ ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កាលពី​ថ្ងៃ​ពុធ​។​

​ចំណាត់ការ​នៅពេលនេះ​បន្ទាប់ពី​មាន​ការបង្ក្រាប ទៅលើ​ការនាំចេញ​គ្រឿងបន្លាស់​និង​សម្ភារ​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​។ កាលពី​ឆ្នាំ​២០១៦​ក្រសួង​យុត្ដិធម៌​អាមេរិក​បាន​ចោទប្រកាន់​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ទូទៅ​របស់​ចិន ដែលជា​បណ្ដុំ​ក្រុមហ៊ុន​នុយក្លែអ៊ែរ​ធំ​បំផុ​តរបស់​ប្រទេស​នេះ ពី​ផែនការ​ចារកម្ម​មាន​តាំងពី​ទសវត្ស​ឆ្នាំ​១៩៩០ ដើម្បី​លួច​បច្ចេកវិទ្យា​អាមេរិក​។ មន្ទីរ​បញ្ច​កោណ​ក៏បាន​ព្រមាន​ផងដែរ​ពី​ផែនការ​របស់​ចិន ណែនាំ​ឲ្យ​ដាក់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅលើ​កោះ​ជម្លោះ និង​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​កាលពី​ខែតុលា​ឆ្នាំមុន​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ បានប្រកាស​រឹតបន្ដឹង​បន្ថែមទៀត​លើ​ការនាំចេញ​បច្ចេកវិទ្យា​ទាក់ទង​នឹង​នុយក្លេអ៊ែរ​អាមេរិក​ទៅកាន់​ប្រទេស​ចិន ដើម្បី​ការពារ​កុំឲ្យ​ចិន​បង្វែរ​បច្ចេកវិទ្យា​ទាំង​នោះ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ឬ​ក្នុង​គោលបំណង​ដែល​គ្មាន​ការអនុញ្ញាត​ផ្សេងទៀត​។ អ្វីដែល​អាមេរិក​បានធ្វើ​ស្រដៀង​គ្នា​នឹង​វិធានការ​ប្រឆាំង​ក្រុមហ៊ុន​Huawei ក៏​ដូច​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ចំនួន​៥​ទៀត ដែល​ចូលរួម​ក្នុង​ការបង្កើត​កុំព្យូទ័រ​ទំនើប​របស់​ចិន ធ្វើឲ្យ​មានសង្គ្រាម​ពាណិជ្ជកម្ម​ដល់​សព្វថ្ងៃ​មិនទាន់​ទាំង​ដោះស្រាយ​រួច​ផង​។​

​សូមបញ្ជាក់ថា សេចក្ដីប្រកាស​របស់​អា​មេរិក​កាលពី​ថ្ងៃ​ពុធ បាន​បន្ថែម​អង្គភាព​ចំនួន​១៧​ទៀត​ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម រួមមាន​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​អា​មេ​នី បែលហ្ស៊ិក កាណាដា ហ្ស​ក​ហ្ស៊ី ហុងកុង ម៉ាឡេស៊ី ហូ​ឡង់ រុស្ស៊ី អារ៉ាប់​រួម និង​ចក្រភព​អង់គ្លេស​។ អង្គភាព​ទាំងអស់នោះ​ត្រូវ​បញ្ចូល​ក្នុង​បញ្ជីខ្មៅ ដោយសារតែ​មាន​សកម្ម​ភាពផ្ទុយ​ពី​សន្ដិសុខ​ជាតិ និង​ផលប្រយោជន៍​នយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​។ បញ្ជីខ្មៅ​នឹង​រារាំង​ក្រុមហ៊ុន​អាមេរិក មិន​ឲ្យធ្វើ​ពាណិជ្ជកម្ម​ជា​មួយអង្គ​ភាព​ទាំងអស់​នោះឡើយ លុះត្រាតែ​ទទួលបាន​ការអនុញ្ញាត​ពិសេស​ពី​រដ្ឋាភិបាល​អាមេរិក​៕

ព័ត៌មានផ្សេងទៀត