លោក​ត្រាំ​៖​​បើ​លោក​ស៊ី​ចង់​​វិបត្ដិ​នៅ​ហុងកុង​​ពិតជា​អាច​​ដោះស្រាយបាន​

15-08-2019 8:41 am 1546

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា បញ្ហា​នៅ​ហុងកុង​ពិតជា​អាច​ដោះស្រាយបាន ប្រសិនបើ​លោក​ស៊ី ជីន​ពីង​មាន​ឆន្ទៈ​ពិតប្រាកដ​។ តាមរយៈ​បណ្ដាញ​ធ្វី​ត​ទ័​រ លោក​ត្រាំ​បានលើកឡើង​ដូច្នេះ​ថា “​ខ្ញុំ​ស្គាល់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ច្បាស់​ណាស់​។ លោក​គឺជា​មេដឹកនាំ​ដ៏​អស្ចារ្យ ដែល​ទទួលបាន​ការគោរព​ពី​ប្រជាជន​របស់លោក​។ លោក​ក៏​ជា​មនុស្ស​ល្អ​ម្នាក់​នៅក្នុង​ធុរកិច្ច​ដ៏​លំបាក​។ ខ្ញុំ​ពិតជា​គ្មាន​ការសង្ស័យ​អ្វី​ឡើយ ប្រសិនបើ​លោក​ប្រធានាធិបតី​ស៊ី​ចង់​ដោះស្រាយ​បញ្ហា​ហុងកុង​ឲ្យបាន​ឆាប់​ដោយ​ចិត្ដមេត្ដា លោក​ពិតជា​អាច​ធ្វើបាន​។ ជា​កិច្ចប្រជុំ​ផ្ទាល់ខ្លួន​?

​ស្ថានការណ៍​នៅក្នុង​ក្រុង​ហុងកុង​នាពេលនេះ កំពុងតែ​ស្មុគស្មាញ​កាន់តែខ្លាំង ដោយសារ​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​មិន​ព្រម​បញ្ឈប់​ការតវ៉ា​របស់​ពួកគេ​។ ការតវ៉ា​ឈានដល់​អំពើហិង្សា បណ្ដាលឲ្យ​មនុស្ស​រងរ​បួស​ជាច្រើន​នាក់ ព្រមទាំង​មាន​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់​ផងដែរ​។ ដំបូង​ឡើយ​ពួកគេ​តវ៉ា​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​ចង់​អនុម័ត​ឲ្យប្រើ​ប្រាស់​។​

​សម្រាប់​ក្រុមបាតុករ​សេចក្ដីព្រាងច្បាប់​នេះ​ពិតជា​មិនអាច​ទទួលយក​បានឡើយ ដោយ​លើក​ហេតុផល​ថា​នឹង​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង ពិសេស​ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូនទៅ​កាត់ទោស​នៅ​ចិនដីគោក អនុលោម​តាម​សេចក្ដីព្រាងច្បាប់​។ ជនសង្ស័យ​នឹងរង​នូវ​អំពើ​រំលោភបំពាន​នានា ហើយ​ការកាត់ក្ដី​ពិតជា​គ្មាន​យុត្ដិធម៌​ទេ ដូច្នេះហើយ​ពួកគេ​ក៏​ទាមទារ​ឲ្យ​លុបចោល​សេចក្ដីព្រាងច្បាប់​។ ទីបំផុត​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល​ទាំងស្រុង ប៉ុន្ដែ​ក្រុមបាតុករ​បន្ដ​ប្រមូលផ្ដុំ​ចង់​ទម្លាក់​មេដឹកនាំ​ហុងកុង​ចេញពី​តំណែង​តែម្ដង​។ 

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន រហូត​ផ្ទុះ​ជា​អំពើហិង្សា​រវាង​ប៉ូលិស​ជាមួយ​ក្រុមបាតុករ​។ រឿង​ដែល​ក្រុមបាតុករ​ទប់​កំហឹង​មិនបាន​មួយទៀត គឺ​នៅពេលដែល​មនុស្ស​មួយក្រុម​បាន​សម្រុក​មក​វាយប្រហា​រលើ​ពួកគេ ក្នុងអំឡុងពេល​ប្រមូលផ្ដុំ​នៅ​ស្ថានីយ​រថភ្លើង​កាលពី​ខែ​មុន បណ្ដាលឲ្យ​របួស​មនុស្សជាង​៤០​នាក់​។ ក្រុមបាតុករ​ទទូច​ឲ្យ​អាជ្ញាធរ​ត្រូវ​ស្វែងរក​យុត្ដិធម៌​ឲ្យ​ជនរងគ្រោះ​ដាច់ខាត និង​ត្រូវ​ដោះលែង​មនុស្ស​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​។ គិត​មកដល់ពេលនេះ​មនុស្ស​ប្រមាណ​ជាង​៦០០​នាក់​ហើយ ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា​ចូលរួម​ក្នុង​កុបកម្ម​។​

​និយាយ​ពី​ផលប៉ះពាល់​ពិតជា​មាន​ច្រើន​សម្រាប់​ហុងកុង ជាក់ស្ដែង​ដូចជា​ប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ច្បាប់​របស់​ហុងកុង​។ ប៉ះពាល់​ដល់​ការរស់នៅ ការ​បំពេញការងារ ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ដ​នៅ​ហុងកុង ហើយ​រឿង​ដែល​សំខាន់​មួយទៀត​សេដ្ឋកិច្ច​ហុងកុង​ក៏​ប៉ះពាល់​ខ្លាំង​ដែរ បន្ទាប់ពី​មាន​ភាពចលាចល​ផ្ទុះឡើង​ជាង​២​ខែ​មកនេះ​៕

 ពាក្យគន្លឹះ  អាមេរិកចិនហុងកុង

ព័ត៌មានផ្សេងទៀត