លោក​ស ខេង រំឭក​ពលរដ្ឋ​កុំ​ចូលរួម​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​

14-08-2019 9:28 pm 706
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​ច្រាំង​ចោត ស្ថិតក្នុង​ស្រុក​បាណន់ និង​ស្ពាន​៤​ផ្សេងទៀត នៅ​ស្រុក​ឯក​ភ្នំ និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៤ សីហា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ក្រើនរំឭក​ពលរដ្ឋ​កុំ​ចូលរួម​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល ដែល​លោក​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់...

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា​នៅ​ថ្ងៃនេះ បាន​ថ្លែង​ក្រើនរំឭក​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ ប្រឹងប្រែង​លើកស្ទួយ​ជីវភាព​រស់នៅ និង​បាន​ប្រាប់​កុំឱ្យ​ជឿ​លើ​ការឃោសនា​អូសទាញ​ពី​អ្នកនយោបាយ​ខ្លះ ដែល​មាន​បំណង​កៀរគរ​យក​ពលរដ្ឋ​ទៅ​គាំទ្រ​ពួកគេ ហើយ​ងាក​មក​ប្រឆាំង​រាជរដ្ឋាភិបាល​តាមរយៈ​រូបភាព​នៃ​មហា​បាតុកម្ម​ផ្សេងៗ ។​

​លោក ស ខេង បាន​ថ្លែងថា ការចូលរួម​បាតុកម្ម​ប្រឆាំង ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺជា​អំពើ​ខុសច្បាប់ និង​មិនមែន​ជា​គោល​នយោបាយ​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទេ​…
​សំឡេង​លោក ស ខេង ៖

​យ៉ាងណាក៏ដោយ លោក​និយាយថា លោក​មិន​ជឿ​ថា​ប្រជាពលរដ្ឋ​នឹងចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ​ទេ ដោយសារ​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ទាំងនោះ​រួចមកហើយ ។​

​លោក​រដ្ឋមន្ត្រី​អះអាងថា ការធ្វើ​បាតុកម្ម​ប្រឆាំង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នាពេល​បច្ចុប្បន្ន ប្រៀប​ដូចជា​រុះរើ​ប្រទេស​កម្ពុជា​សាជាថ្មី​ឡើងវិញ​ដូច្នោះ​ដែរ ហើយក៏​មិន​ដឹង​ថា​ត្រូវ​ចំណាយ​ពេល​ប៉ុណ្ណា​ដើម្បី​រៀបចំ​ធ្វើឱ្យ​បាន​ដូច​សព្វថ្ងៃ ។​

​លោក​បញ្ជាក់ថា ការ​នាំគ្នា​ទៅ​រវល់​ធ្វើរឿងចម្រើន​លូតលាស់​នៃ​ជីវភាព​រស់នៅ វា​ប្រសើរ​ជាង​នាំគ្នា​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាលដោយ​ទាំង​ខុសច្បាប់​ទៅ​ទៀត ៕

ព័ត៌មានផ្សេងទៀត