លោក​ស​ខេង​ប្តេជ្ញា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​អស់ពី​កម្ពុជា​

14-08-2019 8:02 pm 304
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​លើក​ទី​៣ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប នៅ​រសៀល​ថ្ងៃ​ទី​១៤ សីហា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា បាន​បង្ហាញ​អំពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​បញ្ចប់​ការធ្វើ​ទាសភាព​សម័យ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា...

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា​នៅ​ថ្ងៃនេះ បាន​ថ្លែង​បញ្ជាក់ថា អ្នករកស៊ី​ជួញដូរ​មនុស្ស​ភាគច្រើន គឺជា​អ្នក​មាន​លុយ មាន​ទ្រព្យសម្បត្តិ ប៉ុន្តែ​មាន​ចិត្ត​លោភលន់​មិនចេះចប់ ។ លោក​បន្តថា អ្នក​ទាំងនោះ បាន​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន ទៅ​បោក​បញ្ឆោត​អ្នក​ដែល​គ្មាន​លទ្ធភាព ខ្វះ​ចំណេះដឹង ឬ​មាន​ជីវភាព​ខ្សត់ខ្សោយ ។​

​លោក​រដ្ឋមន្ត្រី ស ខេង បញ្ជាក់ថា ឈរលើ​គោលការណ៍​នេះ វិធានការ​ទប់ស្កាត់រ​បស់​រដ្ឋាភិបាល គឺ​កំពុង​ប្រមូល​កម្លាំង​សរុប​មក​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ។ 

​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រូបនេះ​និយាយថា កិច្ច​ការងារ​ដែល​ត្រូវធ្វើ គឺ​បន្ត​ពង្រីក​ការអប់រំ ផ្សព្វផ្សាយ​តាម​បែប​សាសនា​ទៅដល់​សាសនិក​គ្រប់​និកាយ​សាសនា​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​យល់ដឹង​អំពី​អំពើ​ជួញដូរ​មនុស្ស ផលប៉ះពាល់ ល្បិចកល​ជនល្មើស និង​នាំគ្នា​លុបបំបាត់​ទាសភាព​សម័យ​ទំនើប​ឱ្យ​អស់ពី​កម្ពុជា ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្តថា នេះ​គឺជា​សកម្មភាព​ដ៏​កម្រ​មួយ​បង្ហាញ​អំពី​ភាព​សុខដុមរមនា​នៃ​សាសនា​នៅ​កម្ពុជា ដែល​មាន​គោលដៅ​រួមគ្នា គឺ​បង្កើត​ឱ្យមាន​សេចក្តីសុខ​ផ្លូវកាយ ផ្លូវចិត្ត​ដល់​មនុស្ស មិន​បៀតបៀន​គ្នា មិន​ប្រឈមមុខ​ដាក់គ្នា ព្រមទាំង​រួមគ្នា​អប់រំ​កាយ​ចិត្ត​តាមបែប​ជំនឿ​សាសនា​រៀងៗ​ខ្លួន ទៅដល់​សាសនិក​ទាំងឡាយ ។​

​យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា ដើម្បី​ឱ្យ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឱ្យមាន​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ បូកផ្សំ​ទាំង​ការអប់រំ​ផង​ដែរ ៕

ព័ត៌មានផ្សេងទៀត