ប៉ូលិស​ថៃ​​ស្នើ​ដីកា​ចាប់ខ្លួន​​ជនសង្ស័យ​​បំផ្ទុះ​គ្រាប់បែក​​បីនាក់​​ជឿជាក់ថា​​នៅ​ក្រៅប្រទេស​

14-08-2019 4:31 pm 495
រូបភាពប៉ូលិស​ចុះអន្ដរាគមន៍​កន្លែង​កើតហេតុ

​ប៉ូលិស​ថៃ​កំពុង​ស្នើសុំ​ដីកា​ពី​តុលាការ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​បាងកក​កាលពីដើម​ខែសីហា​។ ជនសង្ស័យ​ទាំង​បីនាក់​ប៉ូលិស​ជឿជាក់ថា​បានរៀបចំ​ផែនការ​វាយប្រហារ​ពី​ប្រទេស​ក្បែរ​ខាង ហើយ​ពួកគេ​ជា​មនុស្ស​សកម្ម​ក្នុង​ផែនការ​វាយប្រហារ​នេះ​។ ប៉ុន្ដែ​បន្ទាប់ពី​ធ្វើ​សកម្មភាព​នៅ​ថៃ​រួច ពួកគេ​ក៏​ត្រឡប់​ទៅ​ប្រទេសជិតខាង​វិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឧបនាយករដ្ឋមន្ដ្រី​ថៃ ដោយ​មិន​បញ្ជាក់ថា​ជា​ប្រទេស​ណា​ឡើយ​។ ពេលនេះ​ប៉ូលិស​កំពុង​ទាក់ទង​ជាមួយ​ភាគី​នៅ​តំបន់​ព្រំដែន​ជាប់​គ្នា​។​

​សូម​រម្លឹកថា គ្រាប់បែក​ចំនួន​៦​គ្រាប់​និង​គ្រឿងផ្ទុះ​ចំនួន​៦​គ្រាប់​ដែរ ត្រូវបាន​បំផ្ទុះ​កាលពី​ថ្ងៃទី​០២​ខែសីហា​នេះ​នៅក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ ស្របពេល​ថៃ​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ដែល​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​អាមេរិក ចិន និង​ប្រទេស​មហាអំណាច​មួយចំនួន​ទៀត​។ ការ​បំផ្ទុះ​នេះ​បណ្ដាលឲ្យ​មនុស្ស​របួស​៥​នាក់ ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ផងដែរ​៕

 ពាក្យគន្លឹះ  ថៃបំផ្ទុះគ្រាប់បែក

ព័ត៌មានផ្សេងទៀត