អភិបាលខេត្ត​កំពត​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​​​ឲ្យ​ទទួលទាន​សាច់ជ្រូក​​ជាធម្មតា​ឡើងវិញ​​

14-08-2019 4:17 pm 120

​លោក​ជាវ តា​យ អភិបាលខេត្ត​កំពត បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទូទាំង​ខេត្ត ឲ្យទទួល​ទាន​សាច់ជ្រូក​ជាធម្មតា​ឡើងវិញ ដើម្បី​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាសិករ​ឲ្យ​ចិញ្ចឹម​ជ្រូក​បន្តទៀត​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុង​កម្ម​ពិធី​ពិសារ​សាច់ជ្រូក​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា នៅ​រង្វង់​មូលធូ​រ៉េ​ន​ទីរួមខេត្ត​កំពត ដោយមាន​ការចូលរួម​ពី​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​វុ​ធ​ទាំងបី​ប្រភេទ ស្ថាប័ន​តុលាការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​អាជីវករ​ប្រមាណ ៤០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត​បានឲ្យដឹងថា ជំងឺប៉េស​ជ្រូក​អាហ្វ្រិកជា​ជំងឺឆ្លង​រាតត្បាត​ខ្លាំង ដែល​ចម្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក និង​រវាង​សត្វ​ជ្រូកស្រុក​និង​សត្វ​ជ្រូកព្រៃ​តែប៉ុណ្ណោះ ហើយ​ជំងឺ​នេះ​មិនមាន​ការឆ្លង ឬ​បង្ក​ផល​អវិជ្ជមាន មកលើ​សុខភាព​មនុស្ស​ឡើយ​។ លោក​បន្តថា ហេតុនេះហើយ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​កុំ​យល់ច្រលំ ហើយ​សូម​ពិសារ​សាច់ជ្រូក​ដូច​ពេល​ធម្មតា​ឡើងវិញ​។​

​ទន្ទឹមនឹងនេះ​ដែរ រដ្ឋបាលខេត្ត រួមជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បានបញ្ជាក់​ផងដែ​រថា ការបរិភោគ​សាច់ជ្រូក​ដែល​ឆ្លងកាត់​ការត្រួតពិនិត្យ​ត្រឹមត្រូវ ពី​សមត្ថកិច្ច​ជំនាញ​បសុពេទ្យ និង​ឆ្លងកាត់​ការ​ចំអិន​ជាធម្មតា នៅតែមាន​សុវត្ថិភាព ចំពោះ​សុខភាព​មនុស្ស​។​

​ចំណែក​លោក​ចាន់ រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត ក៏​បានបញ្ជាក់​ឲ្យដឹង​ដែរថា តាម​ស្ថិតិ​សត្វ​ជ្រូក​នៅក្នុង​ខេត្ត​កំពត សរុប​មាន​ចំនួន ៨៩,៦០១​ក្បាល ចំណែកឯ​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន ២០​កន្លែង មាន​សត្វ​ជ្រូក​សរុប​ចំនួន ២១,១៥៥​ក្បាល​។​លោក​ចាន់ រិទ្ធ បន្តថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ និង​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​បានធ្វើ​ជីវ​សុវត្ថិភាព (​បាញ់ថ្នាំ​រំងាប់​មេរោគ​) នៅ​កន្លែង​ចិញ្ចឹម​ជ្រូក បាន​ចំនួន ៦៧​កន្លែង នៅតាម​ភូមិដ្ឋាន និង​ទ្រុង​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ បាន​ចំនួន​១៧​ដង , សត្តឃាតដ្ឋាន ៩៩​ដង និង​តាម​ផ្លូវជាតិ​ចំនួន ៧​ដង​៕

 


ព័ត៌មានផ្សេងទៀត