សាលាក្តី​ខ្មែរក្រហម​​រំលត់​បណ្តឹង​អាជ្ញា ​និង​បញ្ចប់​នីតិវិធី​​ពាក់ព័ន្ធនួន ជា​ ដែល​ទទួល​មរណភាព​​

14-08-2019 3:25 pm 351

​ចាប់ពីពេលនេះ តទៅ សំណុំរឿង នួន ជា ត្រូវបាន​បិទ​បញ្ចប់​នៅ​ចំពោះមុខ​តុលាការ​ខ្មែរក្រហម​តែ តែ​សំណើរ​បន្ទាន់​របស់​ក្រុម​មេធាវី នួន ជា ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​លើ​កិច្ចដំណើរការ​នីតិវិធី​បណ្តឹង​នៃ​មរណភាព​របស់ នួន ជា ពេលចេញ​សាលដីកា នឹងត្រូវ​អង្គជំនុំជម្រះ​តុលាការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​សម្រេច នា​ពេលវេលា​សមស្រប​ខាងមុខ​។ 

​បើតាម​ការបញ្ជាក់​រប​ស់លោក​នេត្រ ភ​ក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ នៃ​សាលាក្តី​ខ្មែរក្រហម  ឲ្យដឹងថា អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​១៣ សីហា ឆ្នាំ​២០១៩ បានចេញ​សេចក្តីសម្រេច បញ្ចប់​កិច្ចដំណើរការ​នីតិវិធី​លើ​បណ្តឹងសាទុក្ខ​ពាក់ព័ន្ធ​នឹង នួន ជា ប៉ុន្តែ​បានទទួល​ពិនិត្យ​លើ​សំណើ​បន្ទាន់​របស់​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា និង​នីតិវិធី​ពាក់ព័ន្ធ ក្នុងចំណោម ផលប៉ះពាល់​នៃ​មរណភាព​របស់ នួន ជា ទៅលើ​សាលក្រម និង​ការដាក់​ពិរុទ្ធភាព​ជា​មូលដ្ឋាន​។ 

​លោក​នេត្រ ភ​ក្ត្រា ប្រាប់ថា អង្គជំនុំជម្រះ​តុលាការ​កំពូល បានប្រកាសថា មរណភាព​របស់​ជន​ជាប់ចោទ នួន ជា មាន​អនុភាព​រំលត់​បណ្តឹងអាជ្ញា​លើ​រូបគាត់ និង​បញ្ចប់​រាល់​កិច្ចដំណើរការ​នីតិវិធី​ពាក់ព័ន្ធ នឹង​រូបគាត់​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​តុលាការ​កំពូល តែ​អង្គជំនុំជម្រះ​តុលាការ​កំពូល​បន្ត​ទទួល​ពិនិត្យ លើ​សំណើសុំ​បន្ទាន់​របស់​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា​។​

​លោក​នួន ជា ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៤​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ​ពិរុទ្ធភាព​មួយចំនួន ប៉ុន្តែ​តម្កល់​ការផ្តន្ទាទោស​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់ពន្ធនាគា​រអស់​មួយជីវិត​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន​។​

​អង្គជំនុំជម្រះ​សាលាដំបូង បាន​រួមបញ្ចូល​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត តែមួយ​។ 

​ជនជាប់ចោទ នួន ជា អាយុ​៩៣​ឆ្នាំ បាន​ទទួលមរណភាព កាល​នៅ​ល្ងាច​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ ២០១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ នៅ​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ ២០១៩ ក្រុម​មេធាវី​ការពារ​ក្តី នួន ជា បានដាក់ សំណើ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​លើ​កិច្ចដំណើរការ​នីតិវិធី​បណ្តឹង​នៃ​មរណភាព​របស់ នួន ជា នៅពេល​ចេញ​សាលដីកា​៕ 

ព័ត៌មានផ្សេងទៀត