ក្រសួង​ព្រមាន​ចាត់វិធានការ​អ្នក​ច្នៃប្រឌិត ឬ​តុបតែង​បន្ថែម​ស្លាក​លេខ​យានជំនិះ​

14-08-2019 3:13 pm 203

​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តឹងរ៉ឹង​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​បាន​ប្រើប្រាស់​ផ្លាកលេខ សម្គាល់​យានជំនិះ​ខុសពី​នីតិវិធី​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​សាធារណការ កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា​។

​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា កន្លង​មក​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បាន​សង្កេតឃើញថា យានជំនិះ​មួយ​ចំនួន​បាន​បំពាក់​ផ្លាក​លេខ​សម្គាល់​យានជំនិះ មិន​ត្រឹមត្រូវ ដោយ​បាន​ច្នៃប្រឌិត ឬ​តុបតែង​បន្ថែម ដែល​ធ្វើឲ្យ​បាត់​លក្ខណៈ​សម្គាល់​។ ជា​ពិសេស​បាន​ច្នៃប្រឌិត​ផ្លាក​លេខ​ពី​ស័ង្កសី ឬ​លោហធាតុ​ផ្សេងៗ យក​ទៅ​បំពាក់​លើ​យានជំនិះ​របស់​ខ្លួន ផ្ទុយ​ពី​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្លាកលេខ​សម្គាល់​យានជំនិះ ទាំងអស់​ត្រូវ​ចេញ​ដោយ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន លើកលែងតែ​ផ្លាក​លេខ​នគរបាល និង​ផ្លាកលេខ​ខេមរភូមិន្ទ ដែល​ត្រូវ​ចេញ​ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ​។​

​ដូច្នេះ ដើម្បី​រួមចំណែក​ក្នុង​ការទប់ស្កាត់​ភាព មិន​ប្រក្រតី​នៃ​យានជំនិះ ក៏ដូចជា​ដើម្បី​ថែរក្សា​ស្ថិរភាព សុវត្ថិភាព និង​សន្តិសុខ​សង្គម អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ណែនាំ​ដូចខាងក្រោម​៖

១៖ គ្រប់​យានជំនិះ មុន​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ត្រូវធ្វើ​ការចុះបញ្ជី ដើម្បី​ទទួលបាន​បណ្ណ​សម្គាល់ និង​ផ្លាក​លេខ​ឲ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​

២៖ ផ្លាក​លេខ​សម្គាល់​យានជំនិះ ត្រូវ​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ តាម​យានជំនិះ​ដែល​បាន​ចុះបញ្ជី​

៣៖ ហាម​យក​ផ្លាក​លេខ​សម្គាល់​យានជំនិះ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ទៅ​បំពាក់​លើ​យានជំនិះ ផ្សេង​ដែល​នាំចូល​មិន​ស្របច្បាប់​

៤៖ ហាម​ប្រើប្រាស់​ផ្លាក​លេខ​ដែល​ច្នៃប្រឌិត ឬ​តុបតែង​បន្ថែម​ដែល​ផ្ទុយ​ពី​ផ្លាក​លេខ​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

៥៖ ហាម​ផ្ទុក ក​សម្ភារ និង​ដាក់​វត្ថុ​ផ្សេងៗ ដែល​ធ្វើឲ្យ​បាំង​ផ្លាកលេខ​

៦៖ នៅពេល​យានជំនិះ​ខូច​ប្រើប្រាស់​លែងកើត ម្ចាស់​យានជំនិះ​ត្រូវ​បំពេញ​កាតព្វកិច្ច​លុប​ចេញ​ពី​បញ្ជី​យានជំនិះ ដោយ​នាំយក​មក​នូវ​បណ្ណ​សម្គាល់ និង​ផ្លាកលេខ​សម្គាល់​យានជំនិះ ទៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក

ឬ​ទីតាំង​ផ្តល់​សេវា​សាធារណៈ ដែល​កំណត់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ក្រសួង​បាន​បញ្ជាក់ថា «​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តឹងរឹងតាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ណា ដែល​បាន​ប្រើប្រាស់​ផ្លាកលេខ សម្គាល់​យានជំនិះ​ខុសពី​នីតិវិធី​»៕

ព័ត៌មានផ្សេងទៀត