​ត្រឹម​ឆ្នាំ​២០១៩​ កម្ពុជា​បាន​បញ្ជូន​​ពលករ​ ទៅ​ធ្វើការ​​នៅ​កូរ៉េ​​ ជាង​​៦​ម៉ឺន​នាក់​​

14-08-2019 11:36 am 583

​តាម​ការបញ្ជាក់​របស់​លោក​ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថា មកដល់​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​បញ្ជូន​ពលករ របស់ខ្លួន​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​ហើយ ដែល​ភាគច្រើន​ធ្វើការ​លើ​ផ្នែក ឧស្សាហកម្ម បន្ទាប់មក​មាន​ផ្នែក​កសិកម្ម និង​សំណង់​។ លោក​ក៏​អះអាង​ឲ្យដឹងទៀតថា សម្រាប់​ឆ្នាំ​២០១៩​នេះ សាធារណរដ្ឋ​កូរ៉េ សម្រេច​ផ្ដល់​កូតា បញ្ជូន​ពលករ​ទៅ​ប្រទេស​កូរ៉េ ចន្លោះ​ពី ៤.០០០ នាក់ ទៅ​៤.៥០០​នាក់ បន្ថែមទៀត​។​

​បើតាម​លោក​ហេង សួរ ថា​និយោជក​កូរ៉េ ដែល​ទទួលយក​ពលក​រ​កម្ពុជា ដោយសារ​មាន​ការពេញចិត្ត​ចំពោះ​សមត្ថភាព​ការងារ និង​ភាព​អត់ធ្មត់​នឹង​ការងារ​របស់​ពលករ​កម្ពុជា​។ គិត​មកដល់​ពេលបច្ចុប្បន្ន ពលករ​បរទេស​ដែល​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ចំនួន​១៦​ប្រទេស ក្នុងនោះ​ចំនួន​ពលករ​កម្ពុជា មាន​កើនឡើង​កាន់តែច្រើន ក្នុងចំណោម​ពលករ​បរទេស​ដទៃទៀត​។​

​ប្រទេស​កូរ៉េ មាន​ប្រព័ន្ធគ្រប់គ្រង​ពលករ​បរទេស​យ៉ាង​ល្អ ដោយមាន​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​មិនតិចជាង​៤០​កន្លែង​ឡើយ​។ នៅក្នុង​មជ្ឈមណ្ឌល​ទាំងនោះ​តែងតែមាន​អ្នកចេះ​ភាសា​របស់​ពលករ​នៃ​ប្រទេស​នី​មួយៗ តួយ៉ាង​សម្រាប់​ពលករ​កម្ពុជា គឺមាន​អ្នកចេះ​ភាសា​ខ្មែរ​នៅ​ប្រចាំការ​ក្នុង​មជ្ឈមណ្ឌល​ទាំងនោះ​ផងដែរ ដើម្បី​ជួយ​ពេល ពលករ​មាន​បញ្ហា​ណាមួយ ដើម្បី​ទទួលបាន​ការជួយ​ដោះស្រាយ​ទាន់ពេលវេលា​។ ក្រៅពី​មជ្ឈមណ្ឌល​គាំពារ​ពលករ​នេះ កម្ពុជា​ក៏មាន​ទីប្រឹក្សា​ការងារ​ទទួលបន្ទុក​ព​លករ​ចំនួន ២​នាក់​នៅ​ប្រចាំការ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង មន្ត្រី​នៃ​គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ  រង់ចាំ​ទទួល​ប្រឹក្សា និង​ជួយ​ដោះស្រាយ​បញ្ហា​ការងារ​នៅ​កូរ៉េ​។​

​លោក​អូ ណាក់​យ៉ុង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន គូសបញ្ជាក់ថា ពលករ​កម្ពុជា ពិតជា​មាន សមត្ថភាព​ការងារ និង​ភាព​អត់ធ្មត់​នឹង​ការងារ​។ ការណ៍​នេះ បានធ្វើឲ្យ​លោក​សន្យា នឹង​ខិតខំ​ជំរុញ​រដ្ឋាភិបាល​កូរ៉េ ឱ្យជួយ​បង្កើន​កូតា ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​កាន់​ច្រើន​បន្ថែមទៀត​៕

 ពាក្យគន្លឹះ  ពលករកម្ពុជា

ព័ត៌មានផ្សេងទៀត