WHO៖​៧​ខែ​​ដើមឆ្នាំ​​២០១៩​​ជំងឺ​កញ្ជ្រឹល​​ក្នុង​ពិភពលោក​​កើនឡើង​ខ្លាំង​

14-08-2019 11:04 am 91

​អង្គការ​សុខភាព​ពិភពលោក​WHO​កាលពី​ថ្ងៃទី​១៣​ខែ​សីហា បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ស្ថានភាព​ជំងឺ​កញ្ជ្រឹល​នៅក្នុង​ពិភពលោក​។ នៅក្នុង​របាយការណ៍​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១​ខែមករា​ដល់​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩ មាន​កើត​ជំងឺ​ក​ញ្រឹ្ជ​ល​ចំនួន​៣៦៤,៨០៨​ករណី​ទូទាំង​ពិភពលោក ពោល​ច្រើនជាង​ជិត​៣​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​ក្នុង​រយៈពេល​ដូចគ្នា ដែល​មានតែ​១២៩,២៣៩​ករណី​។​

​តាម​អង្គការ​WHO នេះ​ជា​តួលេខ​មួយ​មិន​ធ្លាប់មាន​គិត​តាំងពី​ឆ្នាំ​២០០៦ ហើយ​អាហ្វ្រិក​ជា​ទ្វីប​ដែលមាន​កើត​ជំងឺ​កញ្ជ្រឹល​ច្រើនជាងគេ​។ អង្គការ​បញ្ជាក់ថា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ម៉ា​ដា​ហ្កា​ស្កា និង​អ៊ុ​យក្រែន ជា​ប្រទេស​ដែល​កើត​ជំងឺ​កញ្ជ្រឹល​ច្រើនជាងគេ​។ បន្ទាប់មក​ប្រទេស​អង់​ហ្គោឡា កា​មេ​រូ​ន ឆាដ កា​ហ្សាក់​ស្ថាន នី​ហ្សេ​រី​យ៉ា ស៊ូដង់​ខាងត្បូង ស៊ូដង់ ហ្វីលីពីន និង​ប្រទេស​ថៃ​។ WHO​បាន​សម្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ ដោយមាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កញ្ជ្រឹល​ជាបន្ទាន់ ចំនួន​ករណី​ជំងឺ​កញ្ជ្រឹល​នៅ​ម៉ា​ដា​ហ្កា​ស្កា​បាន​ធ្លាក់ចុះ​វិញ​។ 

​នៅ​តំបន់​អឺរ៉ុប​សម្រាប់​៦​ខែ​ក្នុង​ឆ្នាំ​២០១៩ ចំនួន​ករណី​ជំងឺ​កញ្ជ្រឹល​មាន​ជិត​៩០,០០០​ករណី ពោល​មាន​ច្រើនជាង​ពេញ​មួយឆ្នាំ​២០១៨ ដែលមាន​ចំនួន​តែ​៨៤,៤៦២​ករណី​ប៉ុណ្ណោះ​។ តំបន់​អាហ្វ្រិក កំណើន​ករណី​ជំងឺ​កញ្ជ្រឹល​គុណ​១​ជា​១០ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច​មាន​កំណើន​២៣០% និង​៥០%​នៅ​តំបន់​មេ​ឌី​ទែ​រ៉ាណេ​ខាងកើត​។ ដោយឡែក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាមេរិក អង្គការ​សុខភាព​ពិភពលោក​បាន​កត់​ស​ម្កាល់​ឃើញ​ការធ្លាក់ចុះ​ករណី​ជំងឺ​កញ្ជ្រឹល​ចំនួន​១៥%​។​

​ប្រភព​ដដែល​បញ្ជាក់ថា ករណី​ជំងឺ​កញ្ជ្រឹល​ពិត​ក្នុង​ពិ​លោក​អាច​នឹងមាន​ច្រើនជាង​តួលេខ​ផ្លូវការ ព្រោះ​ក្នុង​ចំនួន​១០​ករណី មាន​មិន​ដល់​១​ករណី​ទេ​ដែល​ត្រូវ​ប្រកាស​ជា​ផ្លូវការ​។ តាម​អង្គការ​សុខភាព​ពិភពលោក ជំងឺឆ្លង​រាត្បា​តមួយ​នេះ​ច្រើន​ផ្ទុះ​ខ្លាំង​នៅក្នុង​បណ្តា​ប្រទេស​ដែល​មិនសូវមាន​ការចាក់​ថ្នាំ​វ៉ាក់សាំង​។ WHO​ថា​មនុស្ស​គ្រប់រូប​មាន​អាយុ​ជាង​៦​ខែ​ឡើងទៅ ត្រូវ​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កញ្ជ្រឹល​មុននឹង​ធ្វើដំណើរ​ទៅកាន់​តំបន់​ដែលមាន​វត្តមាន​ជំងឺ​នេះ​។​

​សូមជម្រាបថា អង្គការ​សុខភាព​ពិភពលោក​បានផ្តល់​អនុ​សាសន៍​ដល់​អ្នកដំណើរ​គ្រប់រូប ត្រូវ​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កញ្ជ្រឹល​ឱ្យបាន​យ៉ាងតិច​១៥​ថ្ងៃមុន​នឹង​ធ្វើដំណើរ​៕

 ពាក្យគន្លឹះ  WHOជំងឺកញ្ជ្រឹល

ព័ត៌មានផ្សេងទៀត