ម៉ាឡេស៊ី​គ្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គំ​កង់​នៅ​កម្ពុជា​

14-08-2019 10:32 am 133
  ស្តាប់
ស្តាប់ជាសំឡេង

​ម៉ាឡេស៊ី​គ្រោង​បង្កើត​បង្កើត​រោងចក្រ​ផលិត​លី​បកង់ និង​គ្រឿង​បង្គុំ​ដទៃទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា​។​ការសហការ​ក្នុង​ការបង្កើត​រោងចក្រ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការ ងារ​រវាង​លោក ប៉ាន់ សូរ​ស័ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជាមួយ លោក អែល​ឌី​ន ហូ​សៃនី ប៊ីន ម៉ូ​ហា​ម៉េត ហាស​ស៊ីម​(Eldeen Husaini Bin Mohd Hashim)  ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៣ សីហា ឆ្នាំ ២០១៩ ។​​

«​កិច្ចប្រជុំ​នេះ​បាន​ផ្ដល់​ឱកាស​សម្រាប់​ពិភាក្សា​លើ​ការងារ​សហការ​ក្នុង​ការបង្កើត​រោងចក្រ​ផលិត​លី​បកង់ និង​គ្រឿង​បង្គុំ​ដទៃទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា ជា​កិច្ច​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម ក៏ដូចជា​បង្កើត​ជា​ផល​សរុប​ក្នុង​តំបន់ ក្រោម​វិធាន​ប្រភព​កំណើត​ទំនិញ​»​។ នេះ​ជា​ប្រសាសន៍​របស់​លោក ប៉ាន់ សូរ​ស័ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​រំលឹក​ពី​ទស្សនៈ​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​លើ​ការជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កើនឡើង​បន្ថែម​ទៀត ហើយ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ គឺជា​ពេលវេលា​ដ៏​សមស្រប​មួយ ខណៈ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូហា​ធា មូហា​ម៉ែត នឹង​មក​បំពេញ ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា​នាពេល​ខាងមុខ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង កិច្ច​សហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង វិស័យ​ធុរកិច្ច​ជាដើម ។​

​ជា​កិច្ច​ឆ្លើយតប ឯកអគ្គរាជទូត​ម៉ាឡេស៊ី បាន​ឯកភាព​ទាំងស្រុង​ជាមួយ​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ព្រោះ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ពិតជា​មាន​សារៈសំខាន់ សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់​។

​ដោយឡែក​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ម៉ាឡេស៊ី នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នាពេលខាងមុខ នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាំងពីរ​ខាងលើ ក៏ដូចជា​ការស្នើ​សុំ​ឲ្យ​សហគមន៍​ធុរកិច្ច​កម្ពុជា និង​ម៉ាឡេស៊ី ពិនិត្យ​លទ្ធភាព​ក្នុង​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​៕

ព័ត៌មានផ្សេងទៀត