អាកាសយានដ្ឋាន​​ក្រុង​ហុងកុង​​ដំណើរការ​​ឡើងវិញ​​ក្រោយ​បិទទ្វារ​​ពីរ​ថ្ងៃ​

14-08-2019 9:58 am 133

​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​១៤​សីហា​នេះ ដោយ​ជើងហោះហើរ​ទាំងអស់​ត្រូវ​បានរៀបចំ​តាម​កាលវិភាគ ក្រោយពេល​បិទ​ជើងហោះហើរ​រយៈពេល​ពីរ​ថ្ងៃ​។ មូលហេតុ​ឈានដល់​ការបិទទ្វារ​ដោយសារ​តែមាន​ក្រុមបាតុករ​រាប់រយ​នាក់ ចូលទៅ​ប្រមូលផ្ដុំ​ក្នុង​អាកាសយានដ្ឋាន ហើយ​អាជ្ញាធ​រថា​ប៉ះពាល់​ដល់​សន្ដិសុខ​និង​ចរាចរ​នៅ​ទីនោះ​។​

​អាជ្ញាធរ​ក្នុង​អាកាសយានដ្ឋាន​បាន​និយាយថា បាន​ទទួលបញ្ជា​បណ្ដោះអាសន្ន​មួយ​ដើម្បី​បញ្ឈប់​ក្រុមបាតុករ ដែល​ហាមឃាត់​និង​រារាំង​ដោយ​ចេតនា​ដល់​ប្រតិ​បត្ដិកា​ររបស់​អាកាសយានដ្ឋា​ន​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយនា​ព្រឹក​ថ្ងៃទី​១៤​សីហា​នេះ​បានឲ្យដឹងថា មនុស្ស​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ចូលរួ​មបាតុកម្ម ឬ​ការតវ៉ា​នៅ​ព្រលានយន្ដហោះ​ឡើយ លើកលែងតែ​តំបន់​ដែល​អនុញ្ញាត​ដោយ​អាជ្ញាធរ​។ 

​ប៉ូលិស​និយាយថា​ក្រុមបាតុករ​មួយក្រុម​ធំ​បាន​ធ្វើទុក្ខបុកម្នេញ ធ្វើបាប​ភ្ញៀវ​និង​អ្នកកាសែត​។ មនុស្ស​៥​នាក់​ត្រូវបាន​ចាប់ខ្លួន ធ្វើឲ្យ​ចំនួនមនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​សរុប តាំងពី​ចាប់ផ្ដើម​ការតវ៉ា​ក្នុង​ខែមិថុនា​កើន​ដល់​ជាង​៦០០​នាក់​ហើយ​។ នៅ​ព្រឹក​ថ្ងៃទី​១៤​សីហា​នេះ​មាន​ក្រុម​តវ៉ា​ប្រមាណ​៣០​នាក់ កំពុង​បន្ដ​ស្ថិតនៅក្នុង​អាកាសយានដ្ឋាន​មិន​ចេញទៅ​ណា​ទេ​។ ប៉ុន្ដែ​យ៉ាងណាមិញ​បុគ្គលិក​អាកាសយានដ្ឋាន បាន សម្អាត​និង​រៀបចំ​សណ្ដាប់ធ្នាប់​ដើម្បី​ចាប់ផ្ដើម​ការងារ​ឡើងវិញ ។ នៅ​មិនទាន់​ច្បាស់​ទេ​ថា​អាកាសយានដ្ឋាន​អាចជា​គោលដៅ​ថ្មី​ទៀត សម្រាប់​ថ្ងៃទី​១៤​សីហា​នេះ​ឬ​យ៉ាងណា​។​

​សូមបញ្ជាក់ថា ក្រុម​តវ៉ា​បាន​រារាំង​អ្នកដំណើរ​តាម​ជើងហោះហើរ​ពេញ​មួយ​រសៀល​ថ្ងៃទី​១៣​សីហា មុនពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្នុង​ល្ងាច​ថ្ងៃ​ដដែល​។ រថយន្ដ​ប៉ូលិស​ជាច្រើន​គ្រឿង​ត្រូវបាន​រារាំង​ដោយ​ក្រុមបាតុករ ហើយ​បូលិស​បង្ក្រាប​កុបកម្ម​បាន​ចុះទៅ​រៀបចំ​កន្លែង​ចលាចល ដោយបាន​បាញ់​ស្ព្រាយ​ដើម្បីឲ្យ​ក្រុម​តវ៉ា​ដកថយ​។​

​គួររម្លឹកថា រយៈពេល​១០​សប្ដាហ៍​នៃ​ការតវ៉ា​រហូត​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា រវាង​ប៉ូលិស​និង​ក្រុមបាតុករ​ដែល​ខឹង​នឹង​ការលុបបំបាត់​សិទ្ធិសេរីភាព បានធ្វើឲ្យ​ទីក្រុង​ហុងកុង​ធ្លាក់ក្នុង​វិបត្ដិ​អាក្រក់​បំផុត តាំងពី​ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧៕

ព័ត៌មានផ្សេងទៀត