អាជ្ញាធរអប្សរា​ ឲ្យបញ្ឈប់ការដាក់ជួលអង្រឹង​និងក្រាលកន្ទេល​នៅបរិវេណមុខប្រាសាទ​

14-08-2019 9:48 am 139

អាជ្ញាធរជាតិអប្សរា សម្រេចបញ្ឈប់ទាំងស្រុង នូវសកម្មភាពដាក់ជួលអង្រឹង ក្រាលកន្ទេលអង្គុយលេង និងសម្ភារផ្សេងៗ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត រួមមាន នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងវាលស្មៅតាមកសិន្ធុអង្គរវត្ត ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៣ សីហា ដោយទុករយ:ពេល៤៥ ថ្ងៃ ដើម្បីអនុវត្ត បើពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានការ ហើយមិនទទួលខុសត្រូវចំពោះផលប៉ះពាល់នោះឡើយ។

សូមបញ្ជាក់ថា ការបញ្ឈប់លែងឲ្យមានការប្រកបរបរអាជីវកម្មនេះ  អាជ្ញាធរជាតិអប្សរាបានបង្ហាញក្រោមហេតុផលថា ការដាក់ជួលកន្ទេល និងអង្រឹង លំហែកាយ រួមនឹងការលក់ចំណីអាហារ ជូនភ្ញៀវទេសចរក្នុងបរិវេណនេះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃរមណីយដ្ឋានអង្គរ។

លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ កន្លងមកក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ក៏បានធ្វើការណែនាំជាច្រើនលើកដល់ ក្រុមអាជីវករមិនឲ្យមានការដាក់ជួលអង្រឹង និងក្រាលកន្ទេល នៅបរិវេណនេះឡើយ ប៉ុន្តែពួកគាត់នៅតែបន្តប្រព្រឹត្តិដោយមិនខ្វល់ពីបំរាមឡើយ។

ក្នុងករណី អាជីវករនៅតែបន្តសកម្មភាពបែបនេះទៀត អាជ្ញាធរជាតិអប្សរា នឹងធ្វើការរឹបអូសសម្ភារៈ ដោយមិនទទួលខុសត្រូវរាល់ការខូតខាតណាមួយឡើយ៕

 

ព័ត៌មានផ្សេងទៀត