រដ្ឋលេខាធិការ​៖ ក្រសួង​ត្រូវការ​ដៃគូ​បន្ត​ជួយ​គាំទ្រ​លើ​កម្មវិធី​កែទម្រង់​វិស័យ​សុខាភិបាល​

13-08-2019 7:33 pm 252
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ថ្លែងថា ខណៈ​ក្រសួង​កំពុង​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​គុណភាព ប្រសិទ្ធភាព និង​សមធម៌ ក្រសួង​ពិតជា​ត្រូវការ​ចាំបាច់​នូវ​ការបន្ត​ជួយ​គាំទ្រ​ពី​សំណាក់​ដៃគូ​បន្ថែម...

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ថ្លែងថា ស្របពេល​ដែល​ក្រសួង​កំពុង​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​សុខាភិបាល យើង​ពិតជា​ត្រូវការ​ចាំបាច់​នូវ​ធនធាន​បន្ថែមទៀត កត្តា​នេះ ក្រសួង​ត្រូវការ​អង្គការ​ដៃគូ​បន្ត​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​បន្ថែម​ទៀត​ទាំង​ផ្នែក​បច្ចេកទេស​, ការបណ្តុះបណ្តាល និង​ថវិកា ។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល កម្មវិធី ការបង្កើន​ល្បឿន​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល នា​រសៀល​ថ្ងៃ​ទី​១៣ សីហា លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា កំណែទម្រង់​វិស័យ​សុខាភិបាល​នឹង​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​គ្រប់រូប មានលទ្ធភាព​ទទួល​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព ពិសេស​អនុវត្ត​កម្មវិធី​បង្កើន​ការផ្តល់សេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​គុណភាព​, ប្រសិទ្ធភាព និង​សមធម៌ ។​

​លោកស្រី ឱន វណ្ណឌី​ន និយាយថា ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក នឹង​ពិចារណា​បន្ថែម​ទៀត​ទៅលើ​ការ​ធ្វើ​កម្មវិធី ការបង្កើន​ល្បឿន​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ទៅ​តាម​ស្រុក​ប្រតិបត្តិ​ផ្សេងទៀត នៅតាម​បណ្តា​ខេត្ត​គោលដៅ រួមមាន កំពង់ធំ កំពង់ស្ពឺ និង​ខេត្ត​កំពត ។​

​លោកស្រី​បន្ត​ថា ក្រសួង​សុខាភិបាល​និង​ដៃគូ​បាន​ផ្តួចផ្តើម​កម្មវិធី​ប្រណាំង​មណ្ឌល​សុខភាព​នៅ​តាម​ស្រុក​ប្រតិបត្តិ​ឡើង ដែល​អនុវត្ត​ទៅលើ​ខេត្ត​ចំនួន​៣​ខាងលើ ។ ជា​លទ្ធផល​នៃ​ការអនុវត្ត​រយៈពេល​៦​ខែ ចាប់ពី​ខែ​តុលា ឆ្នាំ​២០១៨ ដល់​ខែ​មីនា ឆ្នាំ​២០១៩ គម្រោង​ត្រូវបាន​បញ្ចប់ និង​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត ៕

ព័ត៌មានផ្សេងទៀត