ការពិសោធន៍​៖​​​​អ្នក​ជំងឺអេបូ​ឡា​មាន​អត្រា​រស់​ជាង​៩០​ភាគរយបើ​ប្រើ​ថ្នាំ​ទាន់ពេលវេលា​

13-08-2019 6:11 pm 91
  ស្តាប់
ស្តាប់ជាសំឡេង

​ការព្យាបាល​សាកល្បង​អ្នក​ជំងឺអេបូ​ឡា ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​អន្តរជាតិ ដែល​សម្របសម្រួល ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បានចាប់ផ្តើម​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំមុន​។ ចាប់តាំងពី​ពេល​នោះមក ថ្នាំ​ពិសោធន៍​ចំនួន ៤ ប្រភេទ ត្រូវបាន​ធ្វើតេស្ត​លើ​អ្នកជំងឺ​ប្រមាណ ៧០០​នាក់​នៅ​ប្រទេស​កុង​ហ្គោ​។ ថ្នាំ​ទាំង​៤​ប្រភេទ រួម​មានឈ្មោះ REGN-EB3 , mAb114, ZMapp និង Remdesivir ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​។ ប៉ុន្តែ​ក្នុងចំណោម​ថ្នាំ​ទាំង​៤​ប្រភេទ មានតែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​ធ្វើតេស្ត​ទៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ពោល គឺ​ថ្នាំ REGN-EB3 និង mAb114 មាន​ប្រសិទ្ធភាព ដោយ​អាច​ចូលទៅ​វាយប្រហារ​វីរុស​អេ​បូឡា​បាន​។ ចំណែក​ថ្នាំ​ពីរ​ប្រភេទ​ទៀត មាន​ប្រសិទ្ធភាព​តិចតួច​ពេក មិនត្រូវ​បានជ្រើសរើស​សម្រាប់​ប្រើប្រាស់​ព្យាបាល​ទេ​។​

​លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​នៃ​វិទ្យាស្ថាន​ជាតិ​អាឡែ​ហ្សី​និង​ជំងឺឆ្លង​នៃ​សហរដ្ឋអាមេរិ​កបាន​អះអាងថា REGN-EB3 និង mAb114 ជា​ថ្នាំ​ដំបូង​គេ ដែល​តាម​ការសិក្សា​វិទ្យាសាស្ត្រ បានបង្ហាញ​យ៉ាងច្បាស់ ពី​ការថយចុះ​នៃ​មរណភាព ចំពោះ​អ្នក​ជំងឺអេបូ​ឡា​។ អត្រា​នៃ​ការរស់រានមានជីវិត ក្នុងចំណោម​អ្នកជំងឺ ដែលមាន​កម្រិត​ទាប​នៃ​វីរុស​នៅក្នុង​ឈាម​របស់​ពួកគេ គឺ​ខ្ពស់​រហូតដល់ ៩៤​ភាគរយ នៅពេលដែល​ពួកគេ​បានទទួល​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ REGN-EB3 និង ៨៩ ភាគរយ​នៅពេលដែល​បាន​ប្រើ​ថ្នាំ mAb114​។ ថ្នាំ​ទាំងនេះ ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់ សម្រាប់​ព្យាបាល​អ្នក​ជំងឺអេបូ​ឡា នៅក្នុង​ប្រទេស​កុង​ហ្គោ ជា​កន្លែង​ដែល​អេ​បូឡា​បាន​ផ្ទុះ​រាលដាល​សម្លាប់​មនុស្ស​ជាច្រើន​រយ​នាក់​។ 

​វិទ្យាស្ថាន​ជាតិ​អាឡែ​ហ្សី​និង​ជំងឺឆ្លង (NIAID) របស់​សហរដ្ឋអាមេរិក ដែល​បាន​សហការ​ឧបត្ថម្ភ​ការ​ធ្វើតេស្ត​នេះ និយាយថា លទ្ធផល​នៃ​ការពិសោធន៍​នេះ គឺជា​ដំណឹង​ល្អ សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេបូ​ឡា​។ វិទ្យាស្ថាន​ជាតិ​អាឡែ​ហ្សី​និង​ជំងឺឆ្លង អាមេរិក​និយាយថា ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នកវិទ្យាសាស្ត្រ​កាន់តែ​ខិតជិត​ទៅរក​ការ​ប្រែក្លាយអេ​បូឡា ទៅជា​ជំងឺ​ដែល​អាច​ការពារ និង​ព្យាបាល​បាន​ហើយ​។ 

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្ន​ជំងឺអេបូ​ឡា​កំពុងផ្ទុះ​ឡើងនៅ​ភាគ​ខាងកើត​ប្រទេសកុង​ហ្គោ ហើយ​ជា​ការផ្ទុះ​ដ៏​ធំ​បំផុត​ក្នុងចំណោម ១០ ករណី ដែល​វាយប្រហារ​ប្រទេស​ចាប់តាំងពី​ឆ្នាំ ១៩៧៦ ជា​ពេលដែល​វីរុស​អេ​បូឡា​ត្រូវបាន​រកឃើញ​ដំបូង​។ អង្គការ​សុខភាព​ពិភពលោក បានប្រកាស​ពី​វិបត្តិអេបូ​ឡា នៅក្នុង​ប្រទេស​នេះ​ថា ជា​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​នៃ​ការព្រួយបារម្ភ​អន្តរជាតិ​។ ការ​រាត្បា​ត​នៅ​ឆ្នាំ​២០១៤​ដល់​២០១៦ បាន​ប៉ះពាល់​លើ​មនុស្ស​ចំនួន​២៨, ៦១៦​នាក់ នៅក្នុង​ប្រទេស​នៅ​ប៉ែក​អាហ្វ្រិក​រួមមាន Guinea, Liberia និង​Sierra Leone​។ មនុស្ស​ប្រហែល​១១,៣១០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅពេលដែល​វីរុស​អេ​បូឡា​ផ្ទុះ​រាលដាល​ខ្លាំង ចន្លោះ​ឆ្នាំ​២០១៣​ដល់​២០១៦៕ 

 ពាក្យគន្លឹះ  ជំងឺអេបូឡា

ព័ត៌មានផ្សេងទៀត