ហេតុផល​អ្វីខ្លះ​​​ដែល​ធ្វើឲ្យ​ចិន​​​រីកចម្រើន​​​ដូច​សព្វថ្ងៃ​?

13-08-2019 5:06 pm 585
រូបភាព​​បង្ហាញ​ពីការរីកចម្រើន​ផ្នែកសេដ្ឋកិច្ច​​របស់ចិន

​សេដ្ឋកិច្ច​ប្រទេស​ចិន​ពិតជា​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ដ្បិតថា​ធ្លាប់​ជួប​វិបត្ដិ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​ក៏ដោយ ប៉ុន្ដែ​ចិន​នៅតែ​អាច​ដោះស្រាយបាន​។ ដូច​ដឹង​ហើយ​ចិន​គឺជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​ពីរ​នៅក្នុង​លោក បន្ទាប់ពី​សហរដ្ឋអាមេរិក​។ ការ​បោះជំហាន​ទៅ​មុខ​គួរឲ្យកត់សម្គាល់​បែបនេះ សូម្បី​សហរដ្ឋអាមេរិក​ក៏​ព្រួយបារម្ភ ព្រោះ​ខ្លាច​ចិន​ដណ្ដើម​តំណែង​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​។ យ៉ាងណាមិញ​បើ​ប្រៀបធៀប​ទៅ​អតីតកាល ទម្រាំ​ទទួលបាន​លទ្ធផល​ដូច​សព្វថ្ងៃ ប្រទេស​ចិន​ពិតជា​បាន​ប្រឹងប្រែង​ខ្លាំងណាស់​លើ​វិស័យ​សំខាន់ៗ​។ តើ​អ្វី​ជា​ហេតុផល​ពិតប្រាកដ​នៅ​ពីក្រោយ​ការរីកចម្រើន​របស់​ចិន​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​បច្ចុប្បន្ន​និយាយ​ពី​សេដ្ឋកិច្ច​ចិន កំពុង​ត្រូវបាន​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​កោតសរសើរ រីឯ​អាមេរិក​កំពុង​បារម្ភ​ព្រោះ​ខ្លាច​ចិន​វ៉ា​ដាច់​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក​។ ចិន​កំពុង​បង្កើន​ប្រជាប្រិយភាព​លើ​ឆាកអន្ដរជាតិ និង​រឹតចំណងមិត្ដភាព​​ជាមួយ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​ក្បែរ​ខាង​ដោយសារតែ​ទំហំ​សេដ្ឋកិច្ច​ស្ទុះ​ឡើង​គួរឲ្យកត់សម្គាល់​។ មិន​ថា​ប្រទេស​សេរី​ឬ​កុម្មុយនីស្ដ ចិន​អាចបង្កើត​ទំនាក់ទំនង​ល្អូកល្អិន​បាន​ទាំងអស់ តាមរយៈ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ទាំងនោះ​។ ដូច្នេះ​ចិន​ពិតជា​អាច​បើកផ្លូវ​ចាប់ដៃ​បណ្ដា​ប្រទេស​នានា​បាន​យ៉ាង​ស្រួល​។ 

​ចិន​បាន​ប្រើប្រាស់​កញ្ចប់​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មាន​ទាំង​កញ្ចប់​ជំនួយឥតសំណង និង​កញ្ចប់​កម្ចី​សម្រាប់​ប្រទេស​ក្រីក្រ​និង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ កម្ចី​របស់​ចិន​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ថា អាច​ក្លាយជា​បំណុល​វ័ណ្ដ​ក​សម្រាប់​ប្រទេស​ក្រីក្រ ហើយ​នៅពេល​គ្មាន​លទ្ធភាព​សង ចិន​អាច​នឹង​ប្រើ​វិធីសាស្ដ្រ​ដោះដូរ​ណាមួយ​ជាមួយ​ប្រទេស​កូនបំណុល​។ តែ​យ៉ាងណាក៏ដោយ​សម្រាប់​ចិន​ធ្លាប់​ច្រានចោល​ការចោទប្រកាន់ ហើយ​បញ្ជាក់ថា​ជំនួយ​និង​កម្ចី​ទៅ​អន្ដរជាតិ ក្នុងន័យ​ជួយ​បង្កើន​ការអភិវឌ្ឍ​ស្របតាម​គោលការណ៍​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​ប៉ុណ្ណោះ​។ សម្រាប់​អ្វីដែល​ចិន​អាច​ធ្វើបាន​នៅពេលនេះ វា​សុទ្ធតែជា​លទ្ធផល​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​។ តើ​អ្វី​ជា​ហេតុផល​ពិតប្រាកដ​នៃ​ការរីកចម្រើន​របស់​ចិន​? យើង​មក​ចាប់អារម្មណ៍​កត្ដា​សំខាន់ៗ​ចំនួន​បី​៖

១ សេរីភាវូ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ​

​ជា​ការពិត​ប្រទេស​ចិន​បានទទួល​ផលប្រយោជន៍ ពី​ការ​មាន​រដ្ឋាភិបាល​ដែលមាន​សមត្ថភាព​អនុវត្ដ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​សុវត្ថិភាព​។ មេដឹកនាំ​ដែល​មិន​ស្ថិតក្នុង​វដ្ដ​នៃ​ការផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​រយៈពេល​ខ្លី ជា​សណ្ឋាន​បែប​ប្រជាធិបតេយ្យ​នៅ​បស្ចិមប្រទេស​នោះ និង​ភាពជា​អ្នកដឹកនាំ​កណ្ដាល​របស់​ចិន ពិតជា​បាន​ចូលរួម​ក្នុង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​វែង​។ ផែនការ​នេះ​ពោរពេញ​ដោយ​ចក្ខុវិស័យ​ទូលំទូលាយ ត្រូវបាន​បង្ហាញ​ដោយ​ផែនការ​រយៈពេល​៥​ឆ្នាំ​។​

​លើសពីនេះទៅទៀត​អំណាច​រដ្ឋ​ចិន​បាន​សង្កត់ធ្ងន់​លើ​សមត្ថភាព​អនុវត្ដ​របស់ខ្លួន ដែល​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៃ​ការអភិវឌ្ឍ​និង​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​។ រដ្ឋ​ដែល​រឹងមាំ រដ្ឋ​ដែល​ខ្លាំង រដ្ឋ​ដែលមាន​ស្ថិរភាព​សង្គម​និង​នយោបាយ មាន​ភាពចាំបាច់​បំផុត​ដើម្បី​ធ្វើឲ្យមាន​ភាពជឿនលឿន​យ៉ាង​ឆាប់រហ័ស​នៅ​ចិន នៅក្នុង​វិស័យ​ដូចជា​ការអប់រំ ការថែទាំ​សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​។ ចិន​កំពុង​ប្រើ​ផែនការ​រយៈពេល​វែង​និង​សមត្ថភាព​ដ៏​រឹងមាំ ដើម្បី​ជំរុញ​សេរីភាវូ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​កំណែទម្រង់​រចនាសម្ព័ន្ធ​។ នេះ​គឺជា​យុទ្ធសាស្ដ្រ​នៅតែ​បន្ដ​ស្ថិតស្ថេរ​ទោះបី​ចិន​ធ្លាប់​ជួប​បញ្ហា និង​ធ្លាប់មាន​គម្លាត​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ក៏ដោយ ផ្ទុយទៅវិញ​យុទ្ធសាស្ដ្រ​ទាំងអស់នេះ​ហើយ​ដែល​ធ្វើឲ្យ​ប្រទេ​សចិន​ជឿនលឿន​។​

​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុងក្រោយ​នៃ​ការធ្វើឲ្យ​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិ​ក​ទៅ​ជាធម្មតា​វិញ មូលធននិយម​អាមេរិក​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុងប្រទេស​ចិន​មិនតិច​ទេ ក្នុងចំណោម​ក្រុម​បញ្ញវន្ដ​និង​ឥស្សរជន​សេដ្ឋកិច្ច​។ ដូច្នេះ​ខណៈ​រដ្ឋាភិបាល​ចិន​តែងតែ​យក​ជា​អាទិភាព​នូវ​បញ្ហា​ស្ថិរភាព ចិន​ក៏បាន​ធ្វើតាម​យុទ្ធសាស្ដ្រ​ល្អ​បំផុត​ជា​សកល​ក្នុង​វិស័យ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ការគ្រប់គ្រង​សាជីវកម្ម និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​។ ក៏ប៉ុន្ដែ​ដំណើរការ​ធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​និង​កំណែទម្រង់​រចនាសម្ព័ន្ធ បង្ហាញឲ្យឃើញថា​ចិន​មានភាព​ប្លែក​ពី​គេ ដោយសារ​ចិន​ផ្ដោតលើ​ការប្រកួតប្រជែង​ថ្នាក់មូលដ្ឋាន និង​ការពិសោធន៍​ដែល​គាំទ្រ​ដល់​ការបង្កើត​ស្ថាប័ន​។ ចំណុច​ទាំងអស់នេះ​បាន​បង្កើត​ទៅជា​សារពើពន្ធ​សហព័ន្ធ​និយម និង​ជា​កម្លាំង​រុញច្រាន​ឲ្យមាន​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​។​

២ ការកើនឡើង​នៃ​បច្ចេកវិទ្យា​យក្ស​

​ពិតជា​មិនអាច​ប្រកែក​បានឡើយ​ថា បច្ចុប្បន្ន​ចិន​មាន​ការអភិវឌ្ឍ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​។ ក្នុង​ទសវត្ស​ចុងក្រោយ​នេះ មាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឯកជន​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ជាច្រើន​បាន​លេច​រូបរាង​ឡើង​។  វា​មិន​ដូចជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ទេ ប៉ុន្ដែ​ក្រុមហ៊ុន​ទាំងអស់នេះ​បាន​ព្យាយាម​គ្រប់គ្រង​ដោយ​ខ្លួនឯង ដើម្បី​ក្លាយជា​មេដឹកនាំ​ពិភពលោក​ក្នុង​ការច្នៃ​ប្រឌិដ្ឋ​។ តាម​ការបង្ហាញ​ឲ្យដឹង​ដោយ​Fortune Global 500 ឆ្នាំ​២០១៩ ជា​ការចាត់​ចំណាត់ថ្នាក់​ក្រុមហ៊ុន​សាជីវកម្ម​ចំនួន​៥០០​ទូទាំង​ពិភពលោក​តាមរយៈ​ប្រាក់ចំណូល មាន​ក្រុមហ៊ុន​ចិន​ដល់​ទៅ​១២៩​ជាប់​ចំណាត់ថ្នាក់ ខណៈ​ក្រុមហ៊ុន​អាមេរិក​មានតែ​១២១​ប៉ុណ្ណោះ​។ 

​ក្នុងចំណោម​ក្រុមហ៊ុន​ចិន​ដែល​ជាប់​ឈ្មោះ មានដូចជា​ក្រុមហ៊ុន​Alibaba, JD.com និង Tencent ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​កម្មវិធី​ល្បីឈ្មោះ​លើ​ទូរស័ព្ទ​WeChat​។ ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​Huawei​បាន​កើនឡើង​ដល់​ទៅ​១១​ចំណាត់ថ្នាក់​តាំងពី​ឆ្នាំមុន ទោះបី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ព្យាយាម​ប្រឆាំង​ក្រុមហ៊ុន​នេះ​ក៏ដោយ​។ ចំណែក​ក្រុមហ៊ុន​ដែលមាន​អាយុកាល​៩​ឆ្នាំ​Xiaomi ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូន​កំពូល​មួយ​ដែរនោះ បាន​ក្លាយជា​ក្រុមហ៊ុន​វ័យក្មេង​ជាងគេ​មិន​ធ្លាប់មាន​នៅក្នុង​បញ្ជី​។​

​ការកើនឡើង​គួរឲ្យភ្ញាក់ផ្អើ​លរបស់​ក្រុមហ៊ុន​ទាំងនេះ និង​ភាព​រីកចម្រើន ការប្រកួតប្រជែង​ដែល​ពួកគេ​បាន​ជួយ​លើកកម្ពស់ មិនត្រូវ​បានអនុញ្ញាត​តាមរយៈ​គោលនយោបាយ​ឧស្សាហកម្ម​ពីលើ​ចុះក្រោម​ទេ ប៉ុន្ដែ​វា​ជា​ការអនុញ្ញាត​តាមរយៈ​សេរីភាវូ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​ជា​ការច្នៃ​ប្រឌិដ្ឋ​ពី​ថ្នាក់ក្រោម​ទៅ​ថ្នាក់លើ​ដែល​ពួកគេ​បាន​គាំទ្រ​។ ស្របពេល​អាមេរិក​កំពុង​ចោទប្រកាន់​ចិន ពី​ការប្រើប្រាស់​មូលធននិយម​ជា​ឧបករណ៍ ដូចជា​ការឧបត្ថម្ភ​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក និង​ធ្វើជា​របាំង​សម្រាប់​ក្រុមហ៊ុន​បរទេស ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទាំង​អ​យុត្ដិធម៌​នោះ វា​បានកត់សម្គាល់​ឲ្យឃើញ​ថា​ភាពជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​ចិន ចិន​មិនបាន​ជំពាក់​នរណា​ឡើយ​។​

៣ កំណែទម្រង់​អភិបាលកិច្ច​

​ចំណុច​នេះ​មិនមែន​ចង់​បង្ហាញថា មេដឹកនាំ​ចិន​គួរកត់សម្គាល់​ពី​កំណែទម្រង់​ដែល​មិនទាន់​បញ្ចប់​នោះទេ​។ បី​ទសវត្ស​បន្ទាប់ពី​អត្រាកំណើន​ផលិតផល​សរុប​ក្នុងស្រុក​ពីរ​ខ្ទង់ ការធ្លាក់ចុះ​ពិតជា​គេច​មិន​រួច​ឡើយ​។ ប៉ុន្ដែ​ទោះបី​រដ្ឋាភិបាលកណ្ដាលរ​បស់​ចិន​ទទួលយក​ការធ្លាក់ចុះ​ក្នុង​កំណើន​ប្រចាំឆ្នាំ​ក៏ដោយ ក៏​ចិន​បាន​ប្រកាសអាសន្ន​ពី​បញ្ហា​នេះ ហើយ​មាន​ការប្រុងប្រយ័ត្ន​និង​ប្ដេជ្ញា​ដោះស្រាយ​កត្ដា​រចនាសម្ព័ន្ធ ដែល​កំពុង​រួមបញ្ចូល​នូវ​និន្នាការ​ដូចជា​ការកើនឡើង​នៃ​ការចំណាយ​ផ្នែក​ហិរញ្ញវត្ថុ និង​ការធ្លាកចុះ​ប្រាក់ចំណេញ​។ 

​ទន្ទឹមនឹងនេះ​ដែរ​រដ្ឋាភិបាលចិន​ត្រូវតែ​បន្ដ​លើក​ទឹកចិត្ដ​សហគ្រិ​នឯកជន រួមទាំង​លើក​ទឹកចិត្ដ​ការច្នៃប្រឌិដ្ឋ​ដែល​ខ្លួន​បានធ្វើ​រួចមកហើយ និង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​នៃ​ភាពជា​ដៃគូ​សហព័ន្ធ​និយម​។ ចិន​ក៏ត្រូវ​ពន្លឿន​កំណែទម្រង់​អភិបាលកិ​ច្ច​ដូចដែល​បាន​សន្យា ដើម្បី​ធានាថា​អាច​រក្សាបាន​នូវ​សេរីភាវូ​ពាណិជ្ជកម្ម​ទីផ្សារ​បន្ថែ​មទៀត​។ ប្រទេស​ចិន​បាន​ធ្វើដំណើរ​យ៉ាង​វែងឆ្ងាយ​តាម​មាគ៌ា​កំណែទម្រង់​និង​បើកចំហ ប៉ុន្ដែ​មិនគួរ​មើលស្រាល​ឧបសគ្គ​នៅខាងមុខ​ទេ​៕

ព័ត៌មានផ្សេងទៀត