លោក​គួច ចំរើន​ បញ្ជា​ឲ្យ​រុះរើ​​សំណង់​អគារ​​ស្រុត ប្រេះស្រាំ​ និង​ទ្រេត​ ក្នុង​ក្រុងព្រះសីហនុ​​

13-08-2019 4:57 pm 274
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​ម្ចាស់​សំណង់​ចំនួន​០២ ក្នុងនោះ​សំណង់​របស់លោក​ស៊ូ ហ្វូ​ពីង ZHU FUBING មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ដែល​ស្រុត និង​ប្រេះស្រាំ និង​សំណង់​របស់លោក MA SHUNDI ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែល​បាន​ទ្រេត​។​

​លោក​គួច ចំរើន បាន​ប្រាប់​ទៅ​ម្ចាស់​អគា​ថា តាម​ការវាយតម្លៃ​ផលប៉ះពាល់ របស់​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ គឺ​មិន​អនុញ្ញាតឲ្យ​ដំណើរការសាង សង់ និង​ដាក់ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​សំណង់ អគារ​ពីរ​ខាងលើ បានឡើយ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ និង​អ្នកបម្រើ​ការងារ​នៅក្នុង​អគារ​ទាំងនេះ​។​

​ភាគី​ម្ចាស់​សំណង់ មាន​លោក ស៊ូ ហ្វូ​ពីង ZHU FUBING ដែល​អគារ ផ្នែក​ខាងឆ្វេង​អគារ​ស្រុត​ប្រវែង ១១៧mm និង​ផ្នែក​ខាងស្តាំ​ស្រុត​ប្រវែង ៩០mm និង​ប្រេះស្រាំ បាន​យល់ព្រម​បញ្ឈប់ ហើយ​បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ រុះរើ ។ ប៉ុន្តែ លោក​ស្នើសុំ​រដ្ឋបាលខេត្ត​ជួយ សិក្សា​បច្ចេកទេស និង​លិខិតអនុញ្ញាត​សាងសង់ និង​សុំ​ពន្យា ពេល​កិច្ចសន្យា តម្លៃ​នៃ​ការជួល​ដី ។ 

​ដោយឡែក​សំណង់​លោក MA SHUNDI ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែល​ទ្រេត រដ្ឋបាលខេត្ត​បាន ចេញ​លិខិត ជម្លៀស​មនុស្ស​ចេញ និង​រុះរើ​សំណង់​ជាបន្ទាន់ ដោយសារ​សំណង់​នេះ​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ដែនដី ពិនិត្យឃើញថា នឹងមាន​ហានិភ័យ​ខ្លាំង​។ ប៉ុន្តែ​ម្ចាស់​សំណង់​ក៏​ស្នើសុំ​ឲ្យ​រដ្ឋបាលខេត្ត ជួយ​សម្របសម្រួល ជាមួយ​ម្ចាស់​ដី តម្លៃ​ជួល​ក្នុង​ការរុះរើ និង​សុំ​ជួយ​សម្រួល​ច្បាប់​សាងសង់​។​

​ជា​ការកត់សម្គាល់ ការចុះពិនិត្យ សិក្សា លើ​សំណង់​អគារ នេះ​ធ្វើឡើង ក្រោយ​មាន​ឧបទ្ទវហេតុ បាក់​រលំ​អគារ​៧​ជាន់​មួយ​របស់​ជនជាតិ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១៩ ដែល​កំពុង​ស្ថិតក្នុង​ដំណើរការ​សាងសង់ ដោយ​បានសម្លាប់​ពលរដ្ឋ​ខ្មែរ​២៨​នាក់ និង របួស​២៦​នាក់ និង​ក្រោយមកទៀត មាន​អគារ​កម្ពស់​៩​ជាន់ មួយទៀត​ក្នុង​ក្រុងព្រះសីហនុ បាន​ស្រុត​និង​មាន​ស្នាម​ប្រេះ ទើប​លោក​គួច ចំរើន បង្គាប់​ឲ្យ​កម្ទេចចោល​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការកើត​ឧបទ្ទវហេតុ ដូច​ធ្លាប់​ជួប​កន្លងមក​។​

​បើតាម​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន ក្នុងស្រុក​កន្លងមក​ថា រយៈពេល​ប្រមាណ​មួយខែ​មកនេះ ក្រុមការងារ​ជំនាញ បាន​រកឃើញ​សំណង់ និង​អគារ​ខុស​ប្រក្រតី​ប្រហែលជា​១០០​អគារ  ហើយ​សំណង់​និង​អគារ​ទាំងនោះ គឺ​ចាប់ពី​៥​ជាន់​ឡើងទៅ ដែល ភាគច្រើន​របស់​ជា​ជន​ជាតិចិន​៕

ព័ត៌មានផ្សេងទៀត