ក្រុមហ៊ុន​ចិន​មួយ​ ចង់​វិនិយោគ​​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ និង​លូទឹកកខ្វក់​​នៅ​ក្រុង​ព្រះសីហនុ​​

13-08-2019 3:22 pm 252
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន​របស់​ចិន មួយ​ឈ្មោះ​ក្រុមហ៊ុន Yunnan មានបំណង​វិនិយោគ លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ​។​បំណង​នេះ ធ្វើឡើង​ក្នុងជំនួប រវាង​លោក Lu Guo Bing អគ្គនាយក​ក្រុមហ៊ុន Yunnan ជាមួយ​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១២ សីហា​។ 

​ការប្រកាស​ពី​គោលបំណង​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូទឹកកខ្វក់​ក្នុង​ក្រុងព្រះសីហនុ នេះ ស្របពេល​ដែល​ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​ទាមទារ​នូវ​ហេដ្ឋារចនាសម្ពន្ធ​ជាច្រើន ពិសេស​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូទឹកកខ្វក់ ដើម្បី​លើកកម្ពស់​សោ​ភណ័​ភាព បរិស្ថាន​ទីក្រុង​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍​។ 

​លោក​គួច ចំរើន បាន​ស្វាគមន៍​គម្រោង​វិនិយោគ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ ពេលនេះ ប៉ុន្តែ​លោក​ស្នើឲ្យ​ក្រុមហ៊ុន​ត្រូវមាន​ផែនការ គម្រោង​ប្លង់គោល ថា​តើ មាន​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ប៉ុន្មាន​គីឡូម៉ែត្រ លូទឹកកខ្វក់​ប៉ុន្មាន​គីឡូម៉ែត្រ ទំហំ​លូ មុខកាត់​ប៉ុន្មាន​ម៉ែត្រ ស្ថានីយ​ចម្រោះ​ប៉ុន្មាន​កន្លែង បំពាក់​ម៉ាស៊ីន​ក្នុង​អាង​ចម្រោះ ហើយ​ការសាងសង់​រយៈពេល​ប៉ុន្មាន​ខែ ឆ្នាំ និង​តម្លៃ ដើម្បីឲ្យ​រដ្ឋបាលខេត្ត  ដាក់ជូនទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិនិត្យ វាយតម្លៃ អនុម័ត​។ លោក​ស្នើរ​ឱ្យ​ក្រុមហ៊ុន​សិក្សា​ឱ្យបាន​ចប់​មុន​ថ្ងៃ​២៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ​៕

 ពាក្យគន្លឹះ  ខេត្តព្រះសីហនុ

ព័ត៌មានផ្សេងទៀត