សារព័ត៌មាន​រដ្ឋ​ចិន​បង្ហាញ​រូបភាព​រថក្រោះ ប្រមូលផ្តុំ​នៅក្បែរ​ព្រំដែន​ហុងកុង​

13-08-2019 2:43 pm 810
  ស្តាប់
ស្តាប់ជាសំឡេង

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន​នៅ​ថ្ងៃទី​១២​សីហា បាន​បង្ហោះ​ឃ្លីប​វីដេអូ បង្ហាញ​ពី​ការ​បំលាស់​ទី នៃ​រថពាសដែក​ជាច្រើន​គ្រឿង នៅក្បែរ​ព្រំដែន​ជាមួយហុ​កុង​។ តាមរយៈ​ឃ្លីប​វីដេអូ​នោះ រថពាសដែក​ថ្មី​សន្លាង ខ្លះ​កំពុង​ស្ថិតនៅលើ​ដងផ្លូវ​និង​ខ្លះទៀត ត្រូវបាន​គេ​យកទៅ​ចត​ទុក​នៅក្នុង​ទីក្រុង Shenzhen នៃ​ខេត្ត​Guangdong ប្រទេស​ចិន ព្រំប្រទល់​ជាមួយ​ហុងកុង​។ យោងតាម​ប្រភពព័ត៌មាន​ដដែល ការ​បំលាស់​ទី​រថពាសដែក​យ៉ាង​គគ្រឹកគគ្រេង​នេះ ដើម្បី​ទៅ​ចូលរួម​នៅក្នុង​ការហ្វឹកហាត់​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ការ​បង្ហោះ​បង្ហាញ​រថក្រោះ​របស់​ទីក្រុង​ប៉េកាំង​នាពេលនេះ ធ្វើឡើង​ចំ​ពេលដែល​ការតវ៉ា​នៅ​ហុងកុង បាននិងកំពុង​រី​ករា​ល​ដាល​ធំ​ឡើងៗ​។ អ្នកនាំពាក្យ​ការិយាល័យ​គោលនយោបាយ​កំពូល​របស់​ចិន ប្រចាំ​នៅ​ទីក្រុង​ហុងកុង បាន​អះអាងថា កម្លាំង​ប្រឆាំង​ចិន គឺជា​មេក្លោង​នៅ​ពីក្រោយ​ឆាក នៃ​អំពើហិង្សា​នៅក្នុង​ទីក្រុង​ហុងកុង​។ ចិន​បាន​ប្រាប់​ក្រុមបាតុករ កុំឲ្យ​មើលស្រាល​វិធានកា​រ​ដោះស្រាយ​របស់​រដ្ឋាភិបាលកណ្តា​ល​ចិន​។ 

​ចំណែក លោកស្រី​ខា​រី ឡា​ម​បាន​ចោទប្រកាន់​ក្រុម​សកម្មជន​ថា បាន​ប្រើប្រាស់​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន ជា​លេស ដើម្បី​លាក់បាំង​គោលដៅ​តវ៉ា​ពិតប្រាកដ​របស់​ពួកគេ​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី​ខា​រី ឡា​ម​បាន​ព្រមាន​ក្រុមបាតុករ​កុំ​រុញ​ទីក្រុង​ហុងកុង​ឲ្យ​ធ្លាក់​ចូលក្នុង​អន្លង់​កាន់តែ​ជ្រៅ​ជាងនេះទៀត​។ បន្ទាប់ពី​ក្រុមបាតុករ លើកគ្នា​ប្រមាណ​៥​ពាន់​នាក់ ទៅ​អុកឡុក​ក្នុង​ព្រលានយន្តហោះ នៅ​ថ្ងៃ​ចន្ទ លោកស្រី​ខា​រី ឡា​ម​ថា ទីក្រុង​ហុងកុង​បាន​ឈានដល់​ស្ថានភាព​គ្រោះថ្នាក់​។ លោកស្រី​រំពឹងថា ស្ថានភាព​វឹកវរ​នេះ​នឹង​ថយចុះ ហើយ​លោកស្រី​នឹង​ទទួលខុសត្រូវ ចំពោះ​ការកសាង​សេដ្ឋកិច្ច​របស់​ហុងកុង​ឡើងវិញ ដោយ​យកចិត្តទុកដាក់​បំផុត តាម​ដែល​អាច​ធ្វើទៅបាន និង​ព្យាយាម​ជួយ​ហុងកុង​ឲ្យ​បន្ត​ទៅមុខទៀត​។ 

​ការតវ៉ា​នៅក្នុង​ក្រុង​ហុងកុង បានចាប់ផ្ដើម​ឡើង​កាលពី​ថ្ងៃទី​០៩​ខែមិថុនា ហើយ​ដើមហេតុ​នៃ​ការតវ៉ា ដើម្បី​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​ហុងកុង​គ្រោង​អនុម័ត​កាលពី​ខែកក្កដា ប៉ុន្ដែ​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល​វិញ ក្រោយ​រដ្ឋាភិបាល​រង​សម្ពាធ​ខ្លាំង​ពី​ក្រុមបាតុករ​។ លោកស្រី​ខា​រី ឡា​ម យល់ព្រម​ដក​សេចក្តីព្រាងច្បាប់​នោះ​ចេញ​វិញ ដោយ​សង្ឃឹមថា ការតវ៉ា​នឹង​ស្ងប់ស្ងាត់​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រុមបាតុករ​នៅតែ​ប្រមូលផ្តុំ​គ្នាត​វា់​ដដែល​។ ការតវ៉ា​ដែល​បាននិងកំពុង​អូសបន្លាយ​នេះ បង្ហាញឲ្យឃើញពី​ការស្រេ​ក​ឃ្លាន​នូវ​ការថែរក្សា​ហុងកុង ឲ្យ​ស្ថិតក្រោម​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ កាន់តែ​ច្រើនឡើងៗ​។ ហុងកុង ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ដោយ​ស្ថិតក្រោម​គោលការណ៍​ដឹកនាំ​បែប ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ ហុងកុង​មាន​ឯករាជ្យភាព​តុលាការ ប្រព័ន្ធ​សេដ្ឋកិច្ច​និង​នីតិប្បញ្ញត្តិ​របស់ខ្លួន​។ ប៉ុន្តែ​មនុស្ស​ជាច្រើន មាន​ការព្រួយបារម្ភ​កាន់តែខ្លាំង អំពី​ឥទ្ធិពល​របស់​ចិន​មកលើ​ហុងកុង​៕

 

 ពាក្យគន្លឹះ  ចិនហុងកុងរថក្រោះ

ព័ត៌មានផ្សេងទៀត