ក្រសួងអំពាវនាវឲ្យម្ចាស់ផ្ទះសំណាក់​ និងអាហារដ្ឋាន​ កុំដំឡើងថ្លៃក្នុងឱកាសប្រឡងបាក់ឌុប​

13-08-2019 11:02 am 176

នាថ្ងៃទី១៣ ខែសីហានេះ ក្រសួងទេសចរណ៍បានចេញលិខិតមួយ ដោយអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋាននានា កុំដំឡើងថ្លៃ និងត្រូវបម្រើរសេវាកម្មឲ្យបានល្អ ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានរយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខ ដើម្បីសម្រួលដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរទៅតាមបណ្ដាមណ្ឌលប្រឡងនានា។

ក្រសួងទេសចរណ៍ចេញនូវសេចក្ដីណែនាំ និងអំពាវនាវដូចជា ទី១.សូមម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ រក្សាឲ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេល ដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាណាក៏ដោយ។ទី២.សូមម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ទាំងអស់ ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឲ្យបានជាអតិបរមា នូវរាល់ហេតុការណ៍ ទាំងឡាយដែលអាចកើតឡើងជាឧបទ្ទេវហេតុ។

៣.សូមម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ មេត្តាកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួន ក្នុងកំឡុងពេលនេះ បើទោះបីជាអាចនឹងមានតម្រូវការ កើនឡើងខ្លាំងយ៉ាងណាក្តី និងទី៤ ស្នើ ឲ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ផ្សព្វផ្សាយបន្តនូវស្មារតី សេចក្តីណែនាំនេះដល់គ្រប់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទាំងអស់ ដើម្បីជ្រួតជ្រាប និងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា៕

ព័ត៌មានផ្សេងទៀត