កម្ពុជាស្នើភាគីជប៉ុន​ឲ្យជួយបង្កើតការវិនិយោគ​ផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត​

13-08-2019 10:57 am 65

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។

ការស្នើនេះធ្វើឡើងតាមរយៈ ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ ចូលជួបជាមួយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ដើម្បីជម្រាបជាចុងក្រោយ ក្រោយពេលបំពេញបេសកកម្មនៅកម្ពុជាប្រមាណ៣ឆ្នាំមកនេះ។

លោករដ្ឋមន្ត្រី បានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្តជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានស្នើតាមរយៈឯកអគ្គរាជទូតជប៉ុនទៅកាន់រដ្ឋាភិបាល និងវិនិយោគិនជប៉ុន ឲ្យជួយបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដូចជាការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគលើការបង្កើត តំបន់ទេសចរណ៍ថ្មីៗ ពិសេសសម្រាប់ទេសចរជប៉ុន ដែលកំពុងមានការចូលនិវត្តច្រើន និងជួយកសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗមួយចំនួនបន្តទៀត ដែលស្ថិតក្នុងកម្រិតនៃសិទ្ធិសម្រេចរបស់ស្ថានទូតផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា ចំពោះសំណើទាំងនេះត្រូវបាន ឯកអគ្គរាជទូជប៉ុនតទទួលយកទៅជម្រាបប្រាប់រដ្ឋាភិបាលរបស់លោកបន្ត៕

 

ព័ត៌មានផ្សេងទៀត