ក្រសួង​បរិស្ថាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​

13-08-2019 10:50 am 137
  ស្តាប់
ស្តាប់ជាសំឡេង

​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ ដែល​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន ត្រូវបាន​ចាត់ទុក​ជា​ធាតុ​ចូល​យ៉ាងសំខាន់​ក្នុង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​របស់​ក្រសួង ដើម្បី​ប្រែក្លាយ​ជា​រដ្ឋបាល​ទំនើប សំដៅ​ឈាន​ទៅ​សម្រេច គោលបំណង​គោលនយោបាយ​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង ការគ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​មាន​និរន្ត​ភាព​។

«​ដើម្បី​រួមចំណែក​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​គឺជា​រឿង​ចាំបាច់​មួយ បច្ចុប្បន្ន​ក្រៅពី​បាន​ធ្វើ​ទំនើបកម្ម ក្រសួង​បរិស្ថាន​បាន​កំពុង​អនុវត្ត​នូវ​ប្រព័ន្ធ​រដ្ឋបាល​ទំនើប និង​ការលើកកម្ពស់​សមត្ថភាព​មន្ត្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​តាមរយៈ​ការបណ្តុះបណ្តាល​ផ្សេងៗ​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង និង​ខាងក្រៅ​ជាមួយ​វាគ្មិន​ជំនាញៗ​ប្រកប​ដោយ​គុណ​វ​ឌ្ឍ​»​។ នេះ​ជា​ការលើកឡើង​របស់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​កម្មវិធី​បណ្តុះបណ្តាល “​ការគ្រប់គ្រង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​” នៅ​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៩​។​

​ឆ្លៀត​នៅក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​នេះ លោក សាយ សំ​អាល់ ក៏បាន​ផ្តល់​នូវ​គន្លឹះ​ទាក់ទង​នឹង​បច្ចុប្បន្នភាព​នយោបាយ​លើ​សកលលោក សាវតា​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដែល រដ្ឋាភិបាល​បាន​ដាក់ចេញ​មាន​ជាអាទិ៍ ធានា​អោយបាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ​បង្កើន​ការងារ​ធ្វើ​ជូន​ប្រជាជន​កម្ពុជា  ការកាត់បន្ថយ​ភាពក្រីក្រ​អោយ​ស្ថិតក្រោម​១០% និង​ការកាត់បន្ថយ​គំលាត​រវាង​អ្នកមាន មធ្យម និង​ក្រីក្រ ពង្រឹង​អភិបាលកិច្ច​និង​គ្រប់គ្រង​ក្នុង​ការកសាង​ធនធានមនុស្ស និង​រដ្ឋបាល​ទំនើប ។​

​សូមបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​” ជំនាន់​ទី​៣​នេះ មាន​រយៈពេល​១៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៩ ដល់​មន្ត្រីរាជការ​សរុប​ចំនួន​៧១​រូប ជា​មន្ត្រី​ក្របខ័ណ្ឌ ឆ្នាំ ២០១៨ មន្ត្រី​ក្របខ័ណ្ឌ​ឆ្នាំ​២០១៦ ថ្នាក់​រាជធានី ខេត្ត និង​មន្ត្រី​ឧទ្យានុ​រ​ក្ស​ថ្នាក់​ខេត្ត​ឆ្នាំ​២០១៧ រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​បរិស្ថាន ដោយ​មាន​ប្រធានបទ​ចំនួន​៨ និង​ប្រធានបទ​រង​ចំនួន ៣៨ ៕

ព័ត៌មានផ្សេងទៀត