ក្រសួង​កសិកម្ម​បើក​កិច្ចប្រជុំ​ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​

13-08-2019 10:10 am 75

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បើក​កិច្ចប្រជុំ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សមាសភាព​គណ​:​កម្មាធិការជាតិ និង​អគ្គលេខាធិការដ្ឋាន​ប្រតិបត្តិ​នៃ​គណ​:​កម្មាធិការជាតិ​ដើម្បី​ទប់ស្កាត់ និង លុបបំបាត់ ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ យក​ធ្វើ​កម្មសិទ្ធិ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ កាលពី​ថ្ងៃ​ទី​១២ សីហា ឆ្នាំ ២០១៩ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ការផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​ពាក់ព័ន្ធ​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល និង​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ១១ សីហា កន្លងទៅនេះ មាន​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ខេត្ត​កោះកុង ស្ដី​ពី​បទ​រុករាន កាប់ឆ្ការ ដុត និង​ឈូសឆាយ​ព្រៃ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ទំហំ ០.៣៥​ហិកតា ដែល​ដី​ព្រៃ​នេះ ស្ថិត​ក្នុង​របៀប​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​តាធ​ង ឃុំ​ដង​ពែ​ង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​

ព័ត៌មានផ្សេងទៀត