លោក​អ៊ូ ច័ន្ទ​រ័ត្ន ​បង្ហាញ​សេណារីយោ​២​ ដើម្បី​រក្សាបាន​​EBA ​

13-08-2019 9:55 am 1242

​គិត​ត្រឹម​ថ្ងៃ​១២ សីហា គឺជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ស៊ើបសួរ​របស់​គណៈកម្មកា​រ​ពាណិជ​កម្ម​សហគម​ន៍​អឺរ៉ុប​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អាច​ឈានដល់​ការសម្រេច​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​។​

​អតីត​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​អ៊ូ ច័ន្ទ​រ័ត្ន និយាយថា EBA មាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ និង​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​។ 

​លោក​ថា ខណៈ​ការបញ្ចប់​នៃ​ការ​ស៊ើបសួរ​របស់​គណៈកម្មកា​រ​ពាណិជ​កម្ម​សហគម​ន៍​អឺរ៉ុប​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អាច​ឈានដល់​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា គឺ​មិនមាន​អ្វី​គួរឲ្យ​អបអរ ឬ​ចាប់អារម្មណ៍ ក្រៅពី​ភាព​ស្ងៀមស្ងាត់​នៅ​ក្នុងប្រទេស និង​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន​ដែល​ធ្វើឡើង​ដោយ​យុវជន​ដែល​គាំទ្រ​យុទ្ធសាស្ត្រ​លោក​សម រង្ស៊ី ប៉ុណ្ណោះ​។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន យល់ថា ការជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ មាន​សារសំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​ជាតិ ជាជាង​បង្កើន​ជម្លោះ​គ្មាន​ទីបញ្ចប់ ដែល​អាច​រុញច្រាន​ប្រទេស​ដល់​ក្តី​មហន្តរាយ​។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន បានបង្ហាញ​សេណារីយោ​២ ដែល​អាច​ចៀសផុត​ពី​សម្ពាធនានា​បានគឺ ទី​១ ដោះលែង លោក​កឹម សុខា ដែល​ស្នើឲ្យ​រៀបចំ​ដោះលែង​តាម​និតិវិធី​។ ទី​២-​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​អនុញ្ញាតឲ្យ​សមាជិ​កក្រុ​ម​ប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ឆ្នាំ​២០១៧ បាន​ត្រឡប់មក​បំពេញ​តួរ​នាទី​របស់​ពួកគាត់​វិញ ដូចដែល​បានធ្វើ​ហើយ​ស្រាប់ ដែល​អនុញ្ញាតឲ្យ​បុគ្គល​១១៨​នាក់​ត្រឡប់មក​ធ្វើ​នយោបាយ​វិញ​ដូច្នោះ​ដែរ​។​

​ទាក់ទង​នឹង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ជាប់ឆ្នោត​អាណត្តិ ឆ្នាំ​២០១៧ អាច​រក្សា​តំណែង ឬ​អាចបំពេញ​តួរ​នាទី​របស់ខ្លួន​បាន ដោយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ ដែល​ស្របច្បាប់ តាម​ឆន្ទៈ​របស់ខ្លួន ។​ល​។ ចំណុច​នេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន មិនបាន​និយាយ​ពី​ការទាមទារ​ឲ្យ​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​នោះទេ​។​

​លោក​អះអាងថា នេះ ជា​ការផ្តល់​យុត្តិធម៌​ខ្លះ​ដល់​ពួកគាត់ និង​រាស្ត្រ​ដែល​បោះឆ្នោត​ជូន​ពួកគាត់ ម្យ៉ាងទៀត​វា​មិន​ប៉ះពាល់​ខ្លាំងពេក​លើ​មូលដ្ឋាន​នៃ​លិទ្ធិប្រជាធិបតេយ្យ​។ លោក​មាន​សុទិដ្ឋិនិយម​ថា ដំណោះស្រាយ​ទាំងពីរ​ខាងលើនេះ​មាន​សារសំខាន់​ណាស់ ក្នុង​ការរក្សា EBA និង​ការបន្ត​ដំណើរការ​បោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​។​

​តែ​យ៉ាងណា សេណារីយោ​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន ពេលនេះ នៅ​មិនទាន់​ឃើញ​សញ្ញា​ស្វាគមន៍ ពី​គណបក្សកាន់អំណាច ឬ​គាំទ្រ​ដោយ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​ក្រុម​និយម​លោក​សម រង្ស៊ី នៅឡើយ​ទេ ខណៈពេល​នេះ រូបលោក​ផ្ទាល់ ក៏​កំពុង​រង​ការវាយប្រហារ​យ៉ាង​ជូរចត់​ពី​ក្រុម​លោក​សម រង្ស៊ី បន្ទាប់ពី​លោក​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ មក​៕

ព័ត៌មានផ្សេងទៀត