មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ​សាងសង់​បាន​២០%​ហើយ​

12-08-2019 8:42 pm 242
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ត្បូងឃ្មុំ មានតម្លៃ​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​ខាងមុខ ។ គិត​មក​ទល់​ពេល​នេះ គម្រោង​សាងសង់​សម្រេចបាន​២០%​ហើយ...

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ថ្លែងថា យោង​តាម​អ្នកជំនាញ សំណង់​អគារ​ពេទ្យ​នេះ​មាន​សភាព​រឹងមាំ​ល្អ ធានាបាន​នូវ​គុណភាព ពិសេស​ការសាងសង់​បាន​ឆាប់រហ័ស ស្រប​តាម​កិច្ចសន្យា​ដែល​ធ្វើឡើង​រវាង​កម្ពុជា​-​ចិន ។​

​ថ្លែង​ក្នុង​កម្មវិធី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ លោក ម៉ម ប៊ុនហេង បានបញ្ជាក់​ថា មកទល់​នឹង​ពេលនេះ គម្រោង សាងសង់​បាន​២០%​ហើយ ក្នុងនោះ ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ចំណេះ​ជំនាញ និង​បច្ចេកទេស​ដល់​ក្រុមគ្រូពេទ្យ ដើម្បី​ត្រៀម​ផ្តល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក​រដ្ឋមន្ត្រី​បន្តថា គម្រោង​សាងសង់​មន្ទីរពេទ្យ​កម្ពុជា​-​ចិន ត្បូងឃ្មុំ គឺជា​គម្រោង​ធំ​ទី​២ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខណៈ​គម្រោង​ទី​១ គឺ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ដែល​ទើបតែ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់ កាលពី​ខែ​តុលា ឆ្នាំ​២០១៨ កន្លងទៅ ។​

​គម្រោង​សាងសង់ មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ត្បូងឃ្មុំ សាងសង់​លើ​ផ្ទៃដី​សរុប ៥៥.៨១៥ ម៉ែត្រការ៉េ កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ និង​គ្រោង​បញ្ចប់​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២១ មាន​រយៈពេល​៤០​ខែ ។ មន្ទីរពេទ្យ​នេះ​នឹង​ក្លាយជា​មន្ទីរពេទ្យ​ប្រចាំ​តំបន់ អាច​បម្រើ​ដល់​ប្រជាជន​នៃ​ខេត្ត​ក្រចេះ រតនគិរី ស្ទឹងត្រែង និង​មណ្ឌលគិរី ៕

ព័ត៌មានផ្សេងទៀត