ACU៖ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​កិបកេង​លុយ​ល្មើស​ច្បាប់​ជិត​$៤០​ម៉ឺន​

12-08-2019 8:13 pm 556
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃនេះ បានបង្ហាញ​របាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៤៨ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក្នុងនោះ​បាន​បញ្ជាក់​អំពី​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ចាប់ខ្លួន​កាលពី​ចុងខែ​កក្កដា ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យដឹងថា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​បាន​កិបកេង​លុយ​ល្មើស​ច្បាប់​ជិត​៤០​ម៉ឺន​ដុល្លារ ...

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​នា​ពេល​ថ្មីៗ​នេះ បាន​យក​លុយ​សេវា​ក្រៅច្បាប់​ចំនួន​១៤០​ករណី សរុប​ជា​ទឹកប្រាក់​ជិត​៤០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​កាន់តំណែង​៣​ឆ្នាំ​មកនេះ ។​

​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃទី​៣០ កក្កដា បង្ហាញ​ឱ្យដឹងថា ក្រោយ​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ពោធិ៍សាត់ តាំងពី​ឆ្នាំ​២០១៦​មកដល់​ថ្ងៃ​ឃាត់ខ្លួន លៀម ប៊ុន​រឿន បាន​ប្រើប្រាស់​ប្រាក់​ដែល​ជា​ផល​នៃ​បទល្មើស​ក្នុង​ការជួសជុល​ផ្ទះ​៤​ម៉ឺន​ដុល្លារ និង​ទិញ​ផ្ទះ​ពីរ​កន្លែង មួយ​កន្លែង​តម្លៃ ១៦៨.០០០​ដុល្លារ និង​មួយ​កន្លែង​ទៀត ៧២.០០០​ដុល្លារ​, ទិញ​ដី​មួយកន្លែង ៤៤.០០០​ដុល្លារ ហើយ​សាងសង់​ផ្ទះ​ត្រចៀកកាំ​អស់ ៤០.០០០​ដុល្លារ​ទៀត​, ដូរ​ឡាន LEXUS 570 ទិញ​ឡាន KIA PICANTO ដើម្បី​ទុកដាក់​ប្រាក់​ពី​ផល​បទល្មើស​របស់​ខ្លួន ។​

​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ពោធិ៍សាត់ ក្នុងនោះ ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី សរុប​៣​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះទៅ​ឃាត់ខ្លួន​នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៧ កក្កដា ដោយ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ គប់គិត​ទារលុយ​ពី​ម្ចាស់​ដី​ដោយ​ខុសច្បាប់​ចំនួន​១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ចេញ​ច្បាប់​ឱ្យ​សាងសង់ ។ មន្ត្រី​ទាំង​បី​រូប រួមមាន ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​, ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ និង​ឈ្មោះ តែ ប៊ុនថេង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែ​កក្កដា បានបង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការអនុវត្ត​អភិក្រម​ទី​៥ គឺ​អភិក្រម វះកាត់ ចំពោះ​មន្ត្រីរាជកា​រណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ។ លោក​បញ្ជាក់ថា អភិក្រម​ទី​៥ ត្រូវបាន​អនុវត្ត​ដោយ​គ្មាន​ការលើកលែង ព្រោះ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​បំផ្លាញ​ជាតិ បំផ្លាញ​រដ្ឋបាល​ដែល​គ្រប់គ្រង​ដោយ​លោក​ផ្ទាល់ ៕

 ពាក្យគន្លឹះ  ACUលោកលៀមប៊ុនរឿន

ព័ត៌មានផ្សេងទៀត