ក្រសួង​ការងារ​នឹង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​បុគ្គលិក​កម្មករ​និយោជិត​ឆ្នើម​ឆ្នាំ​២០១៩​នៅ​ខែ​វិច្ឆិកា​ខាងមុខ​

12-08-2019 5:45 pm 147

​នៅ​ថ្ងៃ​ទី​០២-០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​រៀបចំ​កម្មវិធី ប្រកួតប្រជែង​បុគ្គលិក កម្មករ​និយោជិត ឆ្នើម​ឆ្នាំ​២០១៩ ដើម្បី​ជំរុញ​ការយល់ដឹង និង​លើកកម្ពស់​ផលិតភាព​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​អបអរ​កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ។​

​ទន្ទឹមនឹងនេះ​ដែរ ប្រសិន​បើ​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​មាន​បំណង​ចូលរួម សូម​បញ្ជូន​ឈ្មោះ និង​ប្រវត្តិរូប​សង្ខេប​របស់​បុគ្គលិក កម្មករនិយោជិត​របស់ខ្លួន មកកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួតប្រជែង ដោយ​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​០១ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩​។​។​

​សូមបញ្ជាក់​ថា អ្នក​ដែល​ជាប់​ជ័យលាភី​ទាំងអស់ នឹង​ទទួលបាន​វិញ្ញាបនបត្រ​បុគ្គលិក កម្មករនិយោជិត​ឆ្នើម​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​៖​ជ័យលាភី​លេខ​១ ទទួលបាន​ប្រាក់​៣០០​ដុល្លារ និង​ប័ណ្ណ​តម្លៃ ៥០០​ដុល្លារ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន CGTI ,​ជ័យលាភី​លេខ​២ ទទួលបាន​ប្រាក់​២០០​ដុល្លារ និង​ប័ណ្ណ​តម្លៃ​៥០០​ដុល្លារ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន CGTI និង​ជ័យលាភី​លេខ​៣ ទទួលបាន​ប្រាក់​១០០​ដុល្លារ និង​ប័ណ្ណ​តម្លៃ ៥០០​ដុល្លារ សម្រាប់​វគ្គ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន CGTI ៕

 ពាក្យគន្លឹះ  ក្រសួងការងារ

ព័ត៌មានផ្សេងទៀត