ទីប្រឹក្សា​សន្ដិសុខ​​អាមេរិក​​ចង់ឲ្យ​អង់គ្លេ​ស​មានជំហ​រតឹងរ៉ឹង​​លើ​អ៊ីរ៉ង់​និងចិន​

12-08-2019 5:20 pm 224
រូបភាពទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោកចន ប៊ុលតុន

​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​ច​ន ប៊ុល​តុ​ន បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ពិភាក្សា​ពី​កិច្ចការ​សំខាន់ៗ​មួយចំនួន​។ ក្នុងនោះ​លោក​រំពឹង​នឹង​ជំរុញ​ឲ្យ​អង់គ្លេស​រឹតបន្ដឹង​គោលជំហ​រលើ​ប្រទេស​អ៊ីរ៉ង់ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​Huawei​។ ស្របពេល​ដែល​ចក្រភព​អង់គ្លេស​កំពុង​រៀបចំ​ដើរ​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​៣១​ខែតុលា​ខាងមុខ មាន​អ្នកនយោបាយ​ជាច្រើន​រំពឹងថា ទីក្រុង​ឡុង​អាច​នឹង​ពឹងផ្អែក​ខ្លាំង​ទៅលើ​សហរដ្ឋអាមេរិក​។ 

​កិច្ចពិភាក្សា​រយៈពេល​ពី​រ​ថ្ងៃ​របស់លោក​ប៊ុល​តុ​ន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ដោយ​របៀបវារៈ​សំខាន់​មាន​ការដើរចេញ​របស់​អង់គ្លេស​ចេញពី​អឺរ៉ុប ការជំរុញឲ្យ​អង់គ្លេស​នៅ​ប្រកាន់គោលជំហរ​មាំ​ទាំលើ​ប្រទេស​អ៊ីរ៉ង់ ជុំវិញ​សកម្ម​ភាពមិនប្រក្រតី​ថ្មីៗ​នេះ​។ ក្រោយពេល​ផ្ទុះ​ជម្លោះ​កាន់តែខ្លាំង​ជាមួយ​អាមេរិក អ៊ីរ៉ង់​បានប្រកាស​នឹង​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ កន្លងមក​អង់គ្លេស​ធ្លាប់​ប្រកាស​ចង់​បន្ដ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះហត្ថលេខា ដូច្នេះហើយ​ទើប​អាមេរិក​ចង់​បញ្ចុះបញ្ចូល​កុំឲ្យ​អង់គ្លេស​អនុវត្ដតាម​កិច្ចព្រមព្រៀ​ង និង​ត្រូវដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​។​

​ចំណុច​មួយទៀត​លោក​ប៊ុល​តុ​ន​ក៏​នឹង​ប្រាប់​ទៅ​អង់គ្លេស​ផងដែ​រថា ក្រុមហ៊ុន​Huawei​គឺជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន ហេតុនេះ​ការប្រើប្រាស់​គ្រឿងបន្លាស់​ឬ​ផលិតផល​ក្រុមហ៊ុន​នេះ នឹង​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ បង្ក​ផលប៉ះពាល់​ដោយសារតែ​ផលិតផល​ក្រុមហ៊ុន​Huawei មាន​បង្កប់​ប្រព័ន្ធ​តាមដាន​ទិន្នន័យ​អ្នកប្រើប្រាស់​។ អ៊ីចឹង​ទេ​អាមេរិក​ចង់ឲ្យ​អង់គ្លេស​ពិចារណា​ឲ្យបាន​ច្បាស់លាស់ មុន​សម្រេច​សហការ​ឬ​អនុញ្ញាតឲ្យ​Huawei​បន្ដ​ប្រតិ​បត្ដិការនៅ​អង់គ្លេស​៕

 ពាក្យគន្លឹះ  អាមេរិកចិនអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត