ហុងកុង​បិទ​​ការហោះហើរ​​នៅ​អាកាសយានដ្ឋាន​​ដោយសារ​​ក្រុមបាតុករ​​ប្រមូលផ្ដុំ​

12-08-2019 4:46 pm 788
  ស្តាប់
ក្រុមបាតុករ​ហុងកុងដែលប្រមូលផ្ដុំនៅអាកាសយានដ្ឋានអន្ដរជាតិក្នុងក្រុង
ស្តាប់ជាសំឡេង

​អាជ្ញាធរ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង​នា​ថ្ងៃទី​១២​ខែសីហា​នេះ បានសម្រេច​លុបចោល​ជើងហោះហើរ​ទាំងអស់​ដែល​នៅ​សេសសល់ បន្ទាប់ពី​ក្រុមបាតុករ​រាប់ពាន់នាក់​ចូលទៅក្នុង​សាល​អ្នកដំណើរ​ក្នុង​អាកាស​យានដ្ឋាន​។ អាជ្ញាធរ​បានបញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ជើងហោះហើរ​ដែល​ត្រួតពិនិត្យ​រួចរាល់​ត្រៀម​នឹង​ចាកចេញ និង​ជើងហោះហើរ​ដែល​កំពុងធ្វើដំណើ​រ​មក​ហុងកុង ត្រូវ​លុបចោល​ទាំងស្រុង​នៅ​ថ្ងៃទី​១២​សីហា​នេះ ។ 

​ការប្រកាស​ដូច្នេះ​ក្រោយពេល​ក្រុមបាតុករ​រាប់ពាន់នាក់​សម្រុកចូល​ក្នុង​អាកាសយានដ្ឋាន ដោយ​កាន់​បដា​សរសេរថា “​ទីក្រុង​ហុងកុង​គ្មាន​សុវត្ថិភាព​ទេ​” និង “​ប៉ូលិស​ពិតជា​គួរឲ្យ​អាម៉ាស់​ណាស់​”​។ សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ទៀតថា ប្រតិ​បត្ដិការនៅ​ក្នុង​អាកាសយានដ្ឋាន​អន្ដរជា​តិ​ហុងកុង ត្រូវបាន​រំខាន​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​លទ្ធផល​នៃ​ការជួបជុំ​របស់​ក្រុមបាតុករ​។ កត្ដា​នេះ​បាន​ព្រមាន​ដល់​ចរាចរ​នៅ​អាកាសយានដ្ឋាន គឺ​ធ្វើឲ្យ​កកស្ទះ​ខ្លាំងណាស់ ហើយ​ចំណតរថយន្ដ​នៅ​អាកាសយានដ្ឋាន​ក៏​ពេញ​។ 

​សូមបញ្ជាក់ថា ការតវ៉ា​នៅក្នុង​ក្រុង​ហុងកុង​មាន​រយៈពេល​ជាង​ពីរ​ខែ​ហើយ​។ មូលហេតុ​ឈានដល់​ការតវ៉ា​ដោយសារតែ​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ មិន​ពេញចិត្ដ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ការតវ៉ា​បាន​ផ្ទុះឡើង​កាន់តែខ្លាំង ទីបំផុត​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​បានសម្រេច​លុបចោល​សេចក្ដីព្រាងច្បាប់ ប៉ុន្ដែ​ក្រុមបាតុករ​នៅ​មិន​ព្រម​បញ្ឈប់​ការប្រមូលផ្ដុំ​ឡើយ​។ ពួកគេ​បង្វែរ​ពី​ការប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន ទៅជា​ការតវ៉ា​ទាមទារ​ឲ្យ​ទម្លាក់​មេដឹកនាំ​ហុងកុង​ចេញពី​តំណែង​។​

​បន្ទាប់មកទៀត​ការតវ៉ា​ក៏​ផ្ទុះ​ជា​អំពើហិង្សា រហូត​ប៉ូលិស​បាន​ចាប់ខ្លួន​ក្រុមបាតុករ​ជាច្រើន​នាក់ ហើយ​ក្រុមបាតុករ​ក៏​រងរបួស​ជាច្រើន​នាក់​ដែរ​។ ពួកគេ​ក៏​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​រក​យុត្ដិធម៌​វិញ​ម្ដង គឺ​ចង់ឲ្យមាន​ដំណោះស្រាយ​ចំពោះ​ការប្រើអំ​ពើ​ហិង្សា​លើ​ពួកគេ និង​ចង់ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​។ ការតវ៉ា​បន្ដ​កើតឡើង​អំពើហិង្សា​ក៏​បន្ដ​មាន ហើយ​ប៉ូលិស​ក៏​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាំភ្លើង​គ្រាប់​ជ័រ ដើម្បី​បំបែក​ក្រុមបាតុករ​ប្រមូលផ្ដុំ​។ រហូត​មកដល់ពេលនេះ នៅ​ពុំទាន់​មាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត