ទូតកម្ពុជានៅថៃ ជួបសំណេះសំណាល ជាមួយពលករនៅទីនោះ រៀងរាល់ចុងសប្តាហ៍

12-08-2019 1:15 pm 105

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសរៀបចំកម្មវិធី ជួបសំណេះសំណាល និង​សួរ​សុខទុក្ខ​ពលករ ដែលបម្រើការងារនៅទីនោះ រៀងរាល់ចុងសប្ដាហ៍។ ការជួបសំណេះ​សំ​ណាល​នេះ ក៏​នឹង​មានការ​ប្រឹក្សា​យោ​ប​ល់ លើបញ្ហាការងារ,ការពន្យាសុពលភាពលិខិតឆ្លង​ដែន,​និងបញ្ជាក់ឯកសារផ្សេងៗផងដែរ។

យោងតាមទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹង ថា កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូតទាំងអស់ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយពលករខ្មែរ ចំនួនជាង៦០០នាក់ ដែលកំពុងបម្រើការងារនៅលើកោះឆាង ខេត្តត្រាត ប្រទេសថៃ។

ក្នុងពិធីនេះលោក ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹង ថា ក្នុងគោលបំណងដើ​ម្បីបង្ខិតសេវាកម្ម ឲ្យកៀកជិតបងប្អូនប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកកាត់បន្ថយចំណាយ និងពេលវេលា ធ្វើដំណើរ​រប​ស់​ពលរដ្ឋ ដែលរស់នៅឆ្ងាយពីទីក្រុងបាងកក ស្ថានទូតបានរៀប​ចំកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករ រៀងរាល់ចុងសប្តាហ៍ ដោយនៅក្នុងកម្មវិធីនោះ ក៏មានក្រុមការងារចល័តផ្តល់ សេវាកម្មប្រឹក្សា​យោ​បល់លើបញ្ហាការងារ និងសេវាកុងស៊ុលដូចជា ការពន្យាសុពលភាពលិខិតឆ្លងដែន និងបញ្ជាក់ឯកសារផ្សេងៗ។  

ជាមួយគ្នានេះ  ក្រុមកាងារស្ថានទូត បានចេញឯកសារចំនួន១០០ដល់បងប្អូន ដោយឥតគិតលុយដល់ទីកន្លែងផងដែរ។ បន្ថែមពីលើនេះទៀត លោកអ៊ូក សោភ័ណ ក៏បានផ្តាំផ្ញើឲ្យបងប្អូនពលករទាំងអស់ ខិតខំធ្វើ​ការ​ងារ សន្សំប្រាក់ផ្ញើទៅស្រុក ខំរៀនជំនាញ ដើម្បីអនាគតពេលត្រឡប់ទៅធ្វើការ នៅប្រទេសកម្ពុជាវិញ ព្រមទាំងមើល ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ៕

 ពាក្យគន្លឹះ  ទូតខ្មែរនៅថៃពលករ

ព័ត៌មានផ្សេងទៀត