តុលាការ​ចេញ​ដីកា​លើក​ទី​២​កោះហៅ​លោក​សម រង្ស៊ីចូល​បំភ្លឺ តាម​បណ្តឹង​លោក​ស ខេង​

12-08-2019 12:02 pm 528

​សមត្ថកិច្ច​បាន​យក​ដីកា​កោះហៅ​លើក​ទី​២ របស់​តុលាការ​ក្រុងភ្នំពេញ ទៅ​បិទ​នៅ​មុខផ្ទះ​របស់លោក​សម រង្ស៊ី ស្ថិតនៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។ នៅក្នុង​ដីកាកោះ​ដែល​ចេញ​ដោយ​លោក​សេង គឹម​ឡាក់​ព្រះរាជអាជ្ញារង នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ឈ្មោះ សម រង្ស៊ី​ដែលជា​ជនជាប់សង្ស័យ ឲ្យចូល​ទៅកាន់​អយ្យការ​អមសា​លា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​។ ចូល​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ពី​ដំណើររឿង​បណ្តឹង​របស់​ក្រុម​មេធាវី​តំណាង​លោក​ស ខេង​៣​រូប ចុះ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩​។​

​នេះ​ជា​ដីកា​កោះហៅ​លើក​ទី​២ បន្ទាប់ពី​ដីកាកោះ​លើក​ទី​១​បរាជ័យ​។ បរាជ័យ​ដោយសារតែ​ដីកា​កោះហៅ​លើកដំបូង​ឲ្យ​លោកសម រង្ស៊ី​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នោះ គឺ​លោក​សម រង្ស៊ី​ពុំបាន​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់ តុលាការ​ឡើយ​។ ដីកា​កោះហៅ​លើក​ទី​២​នេះ លោក​សម រង្ស៊ី​ទំនង​មិន​មក​បង្ហាញខ្លួន​ដូច​ដីកាកោះ​លើក​ទី​១​ដែរ ព្រោះ​បើតាម​ការកត់សំគាល់ នេះ​មិនមែនជា​សំណុំរឿង​ទី​១​ទេ ដែល​លោក​សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯប​រទេស ព្រងើយកន្តើយ​បែបនេះ​។ ពោល មានរឿង​ក្តីក្តាំ​ជាច្រើន​ករណី​ផ្សេងទៀត ដែល​លោក​សម រង្ស៊ី​មិន​អើពើ​។​

​សូមបញ្ជាក់ថា ក្រុម​មេធាវី​តំណាង​លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ដាក់​ពាក្យបណ្តឹង​មួយ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក​សម រង្ស៊ី អំពី បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១ ខែកក្កដា បាន​ស្នើ​សុំឲ្យ​តុលាការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​លោក​សម រង្ស៊ី​ឲ្យបាន​ធ្ងន់ធ្ង​រតាម​ផ្លួវច្បាប់ និង​ទាមទារ​ឲ្យ​លោក​សម រង្ស៊ី​សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន ៤​ពាន់​លាន​រៀល ប្រមាណ​១​លាន​ដុល្លារ​អាមេរិក ដល់​លោក​រដ្ឋមន្ត្រី​ស ខេង​។​

​ពាក្យបណ្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក កាលពី​ថ្ងៃទី​២ មិថុនា អំពី មរណភាព​របស់លោក​ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដោយមាន​ខ្លឹមសា​រថា លោក​ឌី វិជ្ជា​ត្រូវជា​កូន​របស់លោក​ហុក ឡងឌី​បានដឹង​ច្បាស់ អំពី ឃាតកម្ម​នេះ និង​បាន​កំពុង​គិតគូរ អំពី ផែនការ​សងសឹក​។ លោក​សម រង្ស៊ី​បន្តថា ផែនការ​នេះ មាន​ការគាំទ្រ​ពី​លោក​ស ខេង ព្រោះ​លោក​ស ខេង​បានដឹងខ្លួន​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​កំពុង​រៀបចំ​ផែនការ​ដកតំណែង​របស់លោក ឬ​កម្ចាត់​លោក​តែម្តង ដើម្បីឲ្យ​កូនៗ​របស់លោក​នាយករដ្ឋមន្ត្រី មក​បន្ត​តំណែង​។​

​សម្រាប់​លោក​ស ខេង​បានចាត់ទុក​ការលើកឡើង​របស់លោក​សម រង្ស៊ី គឺជា​ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់កំហុស និង​មួលបង្កាច់ ដើម្បីឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល​មាន​ការសង្ស័យ​គ្នា និង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ដែល​អាចធ្វើឲ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបា​ល​។ តាមរយៈ​ខ្លឹមសារ​នៅក្នុង​ពាក្យបណ្តឹង​លោក​ស ខេង​ថា ទង្វើ​នេះ មាន​ចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់ បំផុសបំផុល ធ្វើឲ្យមាន​ការបែកបាក់​សាមគ្គីផ្ទៃ​ក្នុង របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​រាជរដ្ឋាភិបាល ក៏ដូចជា​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យមាន​ចលាចល និង​ភាពវឹកវរ​យ៉ាងធ្ងន់ធ្ង​រ​ដល់​សន្តិសុខ​សង្គម បំផ្លិចបំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ និង​សន្តិភាព​របស់​ជាតិ​ទាំងមូល​។ ហេតុដូចនេះ ទើប​លោក​ស ខេង​សម្រេច​ដាក់ពាក្យ​ប្តឹង ដែល​លោក​ហៅថា ជា​បណ្តឹង​លើកដំបូង​ក្នុង​១​ឆាកជីវិត​របស់លោក​៕

ព័ត៌មានផ្សេងទៀត