រដ្ឋមន្ដ្រីសុខាភិបាល​ អំពាវឲ្យពលរដ្ឋការពារជំងឺគ្រុនឈាម​ និងគ្រុនចាញ់នៅដូវវស្សានេះ​

12-08-2019 11:39 am 104

ក្នុងឱកាសដឹកនាំប្រតិភូ និងក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្ដរតនគីរី ដោយឥតគិតថ្លៃ ថ្ងៃទី១១ សីហា លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដគេងក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់នៅក្នុងរដូវវស្សា និងទឹកជំនន់នេះ។

លោកម៉ម ប៊ុនហេង បានណែនាំប្រជាពលរដ្ឋពីរបៀបការពារ និងរោគសញ្ញាណនៃជំងឺគ្រុនចាញ់ ជាពិសេសក្រៅពីផ្ដល់សេវាព្យាបាលជូនពលរដ្ឋ ដោយឥតគិតថ្លៃហើយ ថែមទាំងចែកជូនសម្ភារផ្សេងៗទៀត ដើម្បីការពារពីជំងឺតម្កាត់ ក្នុងអំឡុងពេលទឹកជំនន់ និងទឹកស្រកទៅវិញ។

លោកប្រាប់ថា ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យបានឆាប់រហ័ស ដែលនៅជិតបំផុត តាមរយៈអ្នកស្ម័គ្រចិត្តភូមិ មណ្ឌលពេទ្យសុខភាព ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា។

យ៉ាងណា មកដល់ពេលនេះ លោកម៉ម ប៊ុនហេង បញ្ជាក់ថា ជំងឺគ្រុនឈាម មានការថមថយវិញហើយ ដែលនេះក៏ដោយសារតែមានសហការគ្នាពីមន្ដ្រីពាក់ព័ន្ធ ជាពិសេសការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ដែលជាកត្ដាមួយដ៏ចម្បងបំផុត ក្នុងការលុបបំបាត់ជម្រកដង្កូវទឹកមូសខ្លា ដែលមូសខ្លា ជាភ្នាក់ងារចម្លងនូវជំងឺគ្រុនឈាម៕

 

 

ព័ត៌មានផ្សេងទៀត