ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​កាប់ឆ្ការ​ដីព្រៃ​ធ្វើ​កម្មសិទ្ធិ​

12-08-2019 11:37 am 176
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ធ្វើ​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី រុករាន កាប់ឆ្ការ ដុត និង​ឈូសឆាយ​ព្រៃ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ដែល​ដី​ព្រៃ​នេះ ជា​តំបន់​របៀប​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ដោយ​អាជ្ញាធរ​ធ្លាប់​ហាមឃាត់​រួចមកហើយ តែ​ជនសង្ស័យ​នៅ​បន្ត​លួច​កាប់ ឆ្ការ ព្រៃ អភិរក្ស​នេះ រហូត​ឈានដល់​ការចាប់ខ្លួន​។ 

​មន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុងកាលពី​ថ្ងៃ​ទី ១១ សីហា ឆ្នាំ ២០១៩ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចេត ប៊ុន ពី​បទ​រុករាន កាប់ឆ្ការ ដុត និង​ឈូសឆាយ​ព្រៃ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ទំហំ ០.៣៥​ហិកតា ដែល​ដី​ព្រៃ​នេះ ស្ថិត​ក្នុង​របៀប​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​តាធ​ង ឃុំ​ដង​ពែ​ង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​

​នៅក្នុង​លិខិត​របស់​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ស្រុក​ស្រែអំបិល​បាន​បញ្ជ​ក់ថា ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ខន ផុន ស្នើសុំ​កាត់​ឆ្វៀល​ផ្ទៃដី​ចំនួន​១០​ហិកតា ក្នុង​នោះ​ដី ៤​ហិកតា​ជនសង្ស័យ​បាន​អាស្រ័យ​ផល និង​ធ្វើ​លំនៅឋាន ដោយ​គ្មាន​ការហាមឃាត់​ពី​អាជ្ញាធរ និង មន្ត្រី​បរិស្ថាន​ទេ ប៉ុន្តែ​ដី​៦​ហិកតា​ទៀត ជា​ដី​អភិរក្ស​ដែល​មន្ត្រី​បរិស្ថាន និង កម្លាំង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ហាមឃាត់​ជនសង្ស័យ​កុំ​ឲ្យ​កាប់​ទន្ទ្រាន តែ​ជនសង្ស័យ​នៅតែ​ព្យាយាម​លួច​កាប់ ទើប​ឈាន​ទៅដល់​ការចាប់ខ្លួន​។​

​សូមបញ្ជាក់​ថា ករណី​ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ​នេះ​វា​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ មាត្រា​៦២ ចំណុច​១ ការកាប់ រុករាន ឆ្ការ ដុត និង​ឈូសឆាយ​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ តម្រូវ​ឲ្យ​មន្ទីរ​បរិស្ថា​ន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​និតិ​វិធី​តាម​ផ្លូវច្បាប់​៕

ព័ត៌មានផ្សេងទៀត