អ្នកផ្សងព្រេងជនជាតិវែលម្នាក់លោកAsh Dykes បានក្លាយជាមនុស្សដំបូងគេដែលបញ្ចប់ការធ្វើដំណើរតាមដងទន្លេយ៉ង់ហ្សេតែម្នាក់ឯង បន្ទាប់ពីការធ្វើដំណើរមួយឆ្នាំក្នុងប្រទេសចិន។ លោកបានបំបែកឯតទគ្គកម្មជាមនុស្សដំបូងបំផុតធ្វើដំណើរផុតដងទន្លេយ៉ង់ហ្សេ នៅថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០១៩នេះហើយ។ ទន្លេនេះមានប្រវែង៣,៩០០ម៉ាយស្មើនឹង៦,៣០០គីឡូម៉ែត្រ ជាទន្លេវែងជាងគេបំផុតទីបីក្នុងលោក និងជាទន្លេវែងជាងគេបំផុតនៅចិន ប៉ុន្ដែលោកបញ្ចប់ការធ្វើដំណើរនៅចម្ងាយ៤,០០០ម៉ាយ។
តាមការបញ្ជាក់ពីលោកDykesបានឲ្យដឹងថា ការធ្វើដំណើររបស់លោកពិតជាមិនងាយស្រួលឡើយ ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ត្រូវឡើងភ្នំ កាត់ព្រៃ ឆ្លងកាត់ព្រិលធ្លាក់ដែលត្រជាក់ខ្លាំង ពេលខ្លះមានរបួសផង ប៉ុន្ដែលោកនៅព្យាយាមជម្នះរហូតទទួលជោគជ័យ។ ក្រៅពីនេះលោកក៏បានរៀនសូត្រច្រើនពីប្រទេសចិន ហើយបានធ្វើកិច្ចការជាច្រើនជាមួយទស្សនាវដ្ដី និងទូរទស្សន៍នៅចិន។ លោកចាប់ផ្ដើមធ្វើដំណើរពីតំបន់ខ្ពង់រាបទីបេ ហើយបញ្ចប់ការធ្វើដំណើរនៅទីក្រុងសៀងហៃ។ ឯតទគ្គកម្មរបស់លោកនឹងត្រូវចុះជាកំណត់ត្រាក្នុងសៀវភៅប្រវត្ដិសាស្ដ្រ៕