ទឹកជំនន់​​នៅ​ឥណ្ឌា​​មនុស្ស​ស្លាប់​​​កើន​ដល់​​ជាង​១០០​នាក់​​ក្នុង​រយៈពេល​​បី​ថ្ងៃ​

11-08-2019 3:29 pm 385
  ស្តាប់
រូបភាព​ទឹក​ជំនន់​កំពុង​ជន់លិច​នៅឥណ្ឌា
ស្តាប់ជាសំឡេង

​ទឹកជំនន់​ដែល​កំពុង​វាយប្រហារ​នៅ​ប្រទេស​ឥណ្ឌា បានសម្លាប់​មនុស្ស​ជាង​១០០​នាក់​ហើយ​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ​។ មាន​រដ្ឋ​ជាច្រើន​ដូចជា​រដ្ឋ​Kerala, Karnataka, Maharashtra និង Gujarat ត្រូវ​រងគ្រោះ​ដោយសារតែ​ទឹកជំនន់ ហើយ​រដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​រដ្ឋ​Kerala​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​បំផុត​រហូតដល់​៥៧​នាក់​។ យ៉ាងណាមិញ​ចំនួន​មនុស្ស​ស្លាប់​ជាក់លាក់​មិនទាន់​កំណត់​បានទេ ខណៈ​ក្រុម​ជួយសង្គ្រោះ​កំពុង​ជួយ​ប្រជាជន​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ 

​ក្រៅពី​មនុស្ស​ស្លាប់​នៅមាន​មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់​ផ្សេងទៀត បាន​ជម្លៀស​ខ្លួន​ចេញពី​លំនៅស្ថាន​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ កន្លងមក​មាន​របាយ​ការណ៍​ថា មនុស្ស​២០០​នាក់​បាន​ស្លាប់​នៅ​រដ្ឋ​ភាគ​ខាងកើត​និង​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា ជា​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​រយៈពេល​ពីរ​សប្ដាហ៍ ចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​។ ជុំវិញ​គ្រោះធម្មជាតិ​នេះ នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​បានចេញ​សេចក្ដីជូនដំណឹង​ប្រកាសអាសន្ន ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ស្រុក​ចំនួន​បី​ក្នុង​រដ្ឋ​Kerala​។​

​គ្រោះទឹកជំនន់​នេះ​បាន​បណ្ដាលឲ្យ​លិចលង់​ផ្ទះសម្បែង​ប្រជាជនជា​ច្រើនខ្នង លិច​ផ្លូវ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ប៉ុន្ដែ​មិនទាន់​អាច​បូក​ការខូចខាត​សរុប​បានទេ​។ យ៉ាងណាមិញ​រដ្ឋាភិបាល​ឥណ្ឌា​បាន​សន្និដ្ឋានថា វា​បាន​បង្ក​ការខាតបង់​គិត​ជា​ទឹកប្រាក់​ប្រមាណ​៨៥៧​លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ថា ជាធម្មតា​ប្រទេស​ឥណ្ឌា​តែងតែ​រង​នូវ​ឥទ្ធិពល​ភ្លៀង​មូសុង​ចន្លោះ​ពី​ខែមិថុនា​ដល់​ខែកញ្ញា ដែល​ឥទ្ធិពល​នេះ​បាន​បណ្ដាល​ជា​ទឹកជំនន់ បង្ក​ការខូចខាត រួមទាំង​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ក្នុង​មួយឆ្នាំៗ​។ កាលពី​ឆ្នាំមុន​មនុស្ស​ជាង​២០០​នាក់​បាន​ស្លាប់​ក្នុង​រដ្ឋ Kerala ក្រោយពី​មាន​គ្រោះទឹកជំនន់​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​១០០​ឆ្នាំ​នៅ​ឥណ្ឌា​៕

 ពាក្យគន្លឹះ  ឥណ្ឌាទឹកជំនន់

ព័ត៌មានផ្សេងទៀត