ក្រុមហ៊ុនទូរគមនាគមន៍យក្សHuaweiកាលពីថ្ងៃសៅរ៍ម្សិលមិញ បានបង្ហាញនូវផលិតផលដំបូងគេដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្ដិការផ្ទាល់ខ្លួន។ ការបង្ហាញនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានក្លាយជាចំណាប់ខ្មាំងរបស់អាមេរិក ក្រោយពេលអាមេរិកផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ រដ្ឋាភិបាលអាមេរិកបានបញ្ចូលក្រុមហ៊ុន Huaweiក្នុងបញ្ជីខ្មៅ ព្រមទាំងដាក់លក្ខខណ្ឌហាមប្រាមមិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ផ្គត់ផ្គង់គ្រឿងបន្លាស់និងកម្មវិធីទៅឲ្យក្រុមហ៊ុន Huaweiឡើយ ជាក់ស្ដែងមានក្រុមហ៊ុនGoogleជាដើម។
ប៉ុន្ដែទោះបីជាយ៉ាងនេះក៏ដោយក្រុមហ៊ុនHuaweiបានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ដោយបានបញ្ចេញនូវទូរទស្សន៍វៃឆ្លាត បំពាក់ប្រព័ន្ធប្រតិបត្ដិការផលិតដោយក្រុមហ៊ុនផ្ទាល់។ ប្រព័ន្ធប្រតិបត្ដិការនេះឈ្មោះHarmonyOS ជាប្រព័ន្ធប្រតិបត្ដិការជំនួសសម្រាប់ទូរស័ព្ទស្មាតហ្វូននិងឧបករណ៍វៃឆ្លាតដទៃទៀត ក្នុងករណីដែលទណ្ឌកម្មអាមេរិកដាក់លើក្រុមហ៊ុនមិនឲ្យប្រើប្រាស់បច្ចេកវិទ្យាAndroid។ ចំពោះទូរទស្សន៍វៃឆ្លាតដែលក្រុមហ៊ុនបានបង្ហាញ នឹងចាប់ផ្ដើមមានលក់ក្នុងទីផ្សារពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ៕