ទោះ​បាញ់​​មី​ស៊ី​ល​គំរាម​​តែ​លោក​គីម ជុង​អ៊ុន​​នៅតែ​ចង់​ជួប​​លោក​ដូណាល់ ត្រាំ​

11-08-2019 11:22 am 368

​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១១​សីហា​នេះ​បានឲ្យដឹងថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​១០​សីហា ស្ថិតក្រោម​ការឃ្លាំមើល​ដោយផ្ទាល់​ពី​លោក​គីម ជុង​អ៊ុន​។ កូរ៉េខាងជើង​បាន​អះអាង​ផងដែ​រថា មី​ស៊ី​ល​ដែល​ទើប​ធ្វើតេស្ដ​គឺជា​អាវុធ​ប្រភេទ​ថ្មី​។ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​៥​លើក​ហើយ​ក្នុង​រយៈពេល​ថ្មីៗ​នេះ បង្កឲ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​តានតឹង​ជាថ្មី​។ ការបាញ់​មី​ស៊ី​ល​កូរ៉េខាងជើង​ធ្លាប់​និយាយថា ដើម្បី​ព្រមាន​ដល់​សមយុទ្ធ​យោធា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​។​

​ការចេញផ្សាយ​របស់​កា​សែត​កូរ៉េខាងជើង បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និយាយថា លោក​គីម ជុង​អ៊ុន​បានបញ្ជាក់​ពី​បំណង​ចង់​ជួបចរចា​ម្ដងទៀត ហើយ​និយាយថា​ការធ្វើ​សមយុទ្ធ​អាមេរិក​-​កូរ៉េខាងត្បូង​វា​កើតឡើង​ទៅហើយ ព្រមទាំង​បាន​សុំទោស​ចំពោះ​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ថ្មីៗ​នេះ​ផងដែរ​។ លោក​ត្រាំ​បានបង្ហាញ​ការប្ដេជ្ញាចិត្ដ​ធានា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ ទោះបី​លោក​មាន​ការបែកបាក់​នៅ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក​គីម​កន្លងមក​ក្ដី​។ 

​សូម្បីតែ​បន្ទាប់ពី​បរាជ័យ​ក្នុង​កិច្ចចរចា​លើក​ទី​ពីរ​នៅ​វៀតណាម​កាលពី​ខែ​កុម្ភៈ និង​នៅពេល​ទីក្រុង​ព្យុងយ៉ាង​បាន​បន្ដ​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើនលើកច្រើនសារ លោក​ត្រាំ​ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការរិះគន់​មេដឹកនាំ​កូរ៉េខាងជើង​។ កាលពី​ថ្ងៃទី​០៩​សីហា​លោក​ត្រាំ​និយាយថា លោក​យល់ស្រប​នឹង​លោក​គីម​ដែល​ប្រឆាំង​សមយុទ្ធ​យោធា  ទោះបីជា​លោក​មើលឃើញ​វិស័យ​ហិរញ្ញវត្ថុ​សំខាន់​ជាង​ហេតុផល​យោធា​ក៏ដោយ​។ លោក​ត្រាំ​និយាយ​ម្ដង​ទៀតថា​គ្មាន​ការធ្វើ​តេស្ដ​នុយក្លែអ៊ែរ​ទេ មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់ ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ប៉ុណ្ណោះ មិនមែន​មី​ស៊ី​ល​ឆ្លង​ទ្វីប​ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើយ​។​

​ក្រោយមក​នៅ​ថ្ងៃទី​១០​សីហា​លោក​ត្រាំ​និយាយថា លោក​គីម​បានបង្ហាញ​ចេតនា​នៅក្នុង​លិខិត​មួយច្បាប់ ដោយ​ចង់​ជួបគ្នា​ជាថ្មី​ចរចា​ពី​បញ្ហា​ជាប់គាំង​។ លោក​គីម​ថែមទាំង​សុំទោស​ចំពោះ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​របស់​កូរ៉េខាងជើង​ថ្មីៗ​នេះ​ផងដែរ ហើយ​ថា​ការ​ធ្វើតេស្ដ​នឹង​ចប់​នៅពេល​សមយុទ្ធ​យោធា​បញ្ចប់​នៅ​ថ្ងៃទី​២០​សីហា​៕

ព័ត៌មានផ្សេងទៀត