អ្នកនាំពាក្យ​៖​នាយ​ឧត្តមសេនីយ៍នេត សាវឿន គ្មាន​ប្រវត្តិ​រត់ចោលស្រុក​

11-08-2019 10:51 am 1757
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គ្មាន​ប្រវត្តិ​រត់ចោលស្រុក​និង​ក្បត់ជាតិ​ដូច​លោក សម រង្ស៊ី និង​បក្ខពួក​ទេ ។ សេចក្តីបំភ្លឺ​នេះ​ធ្វើឡើង​ក្រោយ​លោក​សម​រង្ស៊ី​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​ថា លោក​នេត​សាវឿ​ន​បាន​ចំណាយលុយ​រាប់​លាន​ទិញ​សញ្ជាតិ​ពី​ប្រទេស​ចំនួន​២ ត្រៀម​រត់ចេញ​ពី​កម្ពុជា...

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​បញ្ជាក់ថា នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​មាន​តួនាទី​ដឹកនាំ​កម្លាំង​នគរបាល​ជាតិ​គ្រប់​លំដាប់ថ្នាក់ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ ពិសេស ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់ ដើម្បី​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក​តាម​អំណាច​សាលក្រម​របស់​តុលាការ ។​

​សេចក្តីបំភ្លឺ​របស់​អ្នកនាំពាក្យ​ចុះ​ថ្ងៃទី​១០ សីហា បានបញ្ជាក់​សង្កត់ធ្ងន់​ថា នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កងកម្លាំង​នគរបាលជាតិ​ដែល​តែ​នៅ​រួមសុខទុក្ខ​ប្រជាពលរដ្ឋ ខ្វាយខ្វល់​ជានិច្ច​ពី​សន្តិសុខ និង​សុវត្ថិភាព​ពលរដ្ឋ ហើយ​មិន​ដែល​មាន​ប្រវត្តិ​រត់ចោលស្រុក​និង​ក្បត់ជាតិ ឬ​ធ្វើ​សកម្មភាព​ញុះញង់ បង្កចលាចល​ដល់​សង្គម​ជាតិ ឬ​ធ្វើ​សកម្មភាព​ណាមួយ ក្នុង​គោលបំណង​បំផ្លាញ​ជាតិ និង​សេចក្តីសុខ​របស់​ពលរដ្ឋ ដូច​លោក​សម រង្ស៊ី និង​បក្ខពួក​ទេ ។​

​លោក សម រង្ស៊ី កាលពី​រសៀល​ថ្ងៃ​ទី​៩ សីហា បាន​សរសេរ​សំណេរ​មួយ​និយាយ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក នេ​ត សាវឿន ចាប់ខ្លួន​លោក​ពេល​វិលត្រឡប់​មក​កម្ពុជា​វិញ តែ​លោក នេ​ត សាវឿន និង​ក្រុមគ្រួសារ បាន​ទៅ​ទិញ​សញ្ជាតិ​ពី​ប្រទេស​២ គឺ ប្រទេស​សេន​គ្រីស្តហ្វឺ​អេន​ណេ​វីស ជា​កោះ​តូច​មួយ​នៅ​ទ្វីប​អាមេរិក និង​ប្រទេស​សៃ​ប្រឹ​ស ជា​កោះ​តូច​មួយ​នៅ​ទ្វីបអឺរ៉ុប ។​

​លោក សម រង្ស៊ី និយាយ​បន្តថា ក្រោយ​បាន​ដឹង​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ថា របប​ដែល​កំពុង​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជិត​ដួលរ​លំហើយ ទើប​ក្រុមគ្រួសារ​លោក នេ​ត សាវឿន ត្រៀម​រត់ចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់ពី​បាន​យក​លុយ​ពុករលួយ​រាប់​លាន​ដុល្លារ​ទៅ​ដាក់​នៅ​ក្រៅប្រទេស ។​

​យ៉ាងនេះក្តី លោក សម រង្ស៊ី បាន​ស្នើ​ឱ្យ នេ​ត សាវឿន កុំ​ចាំបាច់​រត់ចោលស្រុក ដោយ​គ្រាន់តែ​រួម​កម្លាំង​ជាមួយ​ប្រជាពលរដ្ឋ និង​កម្លាំងប្រដាប់អាវុធ ទៅ​ចាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន វិញ ពេល​លោក​ត្រឡប់​មក​កម្ពុជា ។​

​ទោះយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​បញ្ជាក់ថា នៅ​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ថ្លៃថ្នូរ​មួយរូប នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន មិន​មាន​ចេតនា​តបត​ជាមួយ​លោក សម រង្ស៊ី និង​បក្ខពួក ដែល​តែងតែ​ព្យាយាម​ធ្វើ​ឱ្យ​សង្គម​ចលាចល វឹកវរ បំផ្លាញ​សុខសន្តិភាព និង​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ទេ ៕

ព័ត៌មានផ្សេងទៀត