ព្យុះ​នៅ​ចិន ៖ មនុស្ស​១៨​នាក់​ស្លាប់​និង​ជាង​១​លាន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​

10-08-2019 7:55 pm 353

​ព្យុះ​ទី​ហ្វុង Lekima បាន​ធ្វើដំណើរ​មកដល់​Wenling ស្ថិតនៅក្នុង​ខេត្ត​Zhejiang​ប្រទេស​ចិន នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​ទី​១០​ខែ​សីហា​។  Lekima មាន​កម្លាំង​ខ្យល់​បក់បោក​ខ្លាំងណាស់ ប៉ុន្តែ​នៅពេល​ធ្វើដំណើរ​ដល់​ដី វា​ក៏បាន​ថមថយ​ឥទ្ធិពល​ទៅវិញ​។ បើទោះជា​បែបនេះ​ក្តី ព្យុះ​ទី​ហ្វុង​កំណា​ចនេះ ក្រៅពី​នាំមក​នូវ​ខ្យល់​បក់​ខ្លាំង វា​ក៏បាន​នាំ​ទឹកភ្លៀង​មក​ជាមួយ ដែល​បណ្តាលឲ្យ​បាក់ដី​និង​ជន​លិច​តំបន់​មួយចំនួន​។​

​គ្រោះមហន្តរាយធម្មជាតិ​នេះ បណ្តាលឲ្យ​មនុស្ស​យ៉ាងហោ​ចណាស់ ១៣​នាក់​ស្លាប់ និង​១៦​នាក់​បាត់​ខ្លួន រីឯ​មនុស្ស​ជាង​១​លាន​នាក់​ផ្សេងទៀត បាន​បង្ខំចិត្ត​ចុះចោល​ផ្ទះសម្បែង ដើម្បី​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​។ ក្រុម​ជួយសង្គ្រោះ​កំពុង​ធ្វើ​ប្រតិបត្តិ​សង្គ្រោះ មនុស្ស នៅក្នុង​នោះ​ក៏មាន​អ្នកបើកបរ​រថយន្ត​ខ្លះ ដែល​បាន​ជាប់គាំង ដោយសារតែ​ជំនន់​ទឹកភ្លៀង​។ ឥទ្ធិពល​ព្យុះ Lekima ក៏បាន​បណ្តាលឲ្យ​ដើម​ឈើបាក់​រលំ ហើយ​បើតាម​ការប៉ាន់ស្មាន​ផ្ទះ​ចំនួន ២,៧ លាន​ខ្នង​នៅក្នុង​តំបន់ បាន​បាត់បង់​ថាមពល ខណៈ​ខ្សែ​អគ្គិសនី​បាន​ដួលរលំ ដោយសារតែ​ខ្យល់​បក់បោក​ខ្លាំងពេក​។ អាជ្ញាធរ​បាន​លុបចោល​ជើងហោះហើរ​ជាង​មួយ​ពាន់​ជើង និង​សេវាកម្ម​រថភ្លើង​ក៏ត្រូវ​ផ្អាក​បណ្តោះអាសន្ន​ដែរ​។ 

​ឥឡូវនេះ​ព្យុះ​Lekima កំពុង​បក់​យឺត ៗ ដោយមាន​ចម្ងាយ​ត្រឹមតែ ១៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឆ្លងកាត់​ខេត្ត Zhejiang ហើយ​រំពឹងថា នឹង​បន្តទៅ​វាយប្រហារ​ទីក្រុង​Shanghai ដែលមាន​ប្រជាជន​ជាង ២០ លាន​នាក់​រស់នៅ​។ Lekima ជា​ព្យុះ​ទី ៩ នៃ​ឆ្នាំនេះ ហើយក៏​ជា​ព្យុះ​មួយ​ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ឥទ្ធិពល​ខ្លាំង​បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​៕

 ពាក្យគន្លឹះ  ចិនព្យុះ

ព័ត៌មានផ្សេងទៀត