លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​៤​ថ្ងៃ​របស់​ប្រធានាធិបតី​ស្រីលង្កា​នៅ​កម្ពុជា​

10-08-2019 4:44 pm 101
  ស្តាប់
ស្តាប់ជាសំឡេង

​សេចក្តីថ្លែការរួ​មមួយ​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវរដ្ឋ របស់លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស៊ី​រី​សេនា ប្រធានាធិបតី​ស្រីលង្កា នៅ​កម្ពុជា រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧-១០ ខែ​សីហា ឆ្នាំ​២០១៩ មានដូចជា លោក​ប្រធានាធិបតី​ស្រីលង្កា បាន​គាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ជាមួយ លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជាមួយ​លោក​ហេង សំរិន ប្រធានរដ្ឋសភា ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ក្នុងជំនួប​នេះ​ថ្នាក់ដឹកនាំ​ទាំងពីរ បានបញ្ជាក់​សារជាថ្មី​អំពី​ការប្តេជ្ញាចិត្ត ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង ស្រីលង្កា ដែលមាន​ឫស​យ៉ាងជ្រៅ ក្នុង​វប្បធម៌ និង​សាសនា​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ហ៊ុន សែន វាយតម្លៃ​ខ្ពស់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ របស់លោក​ប្រធានាធិបតី ម៉ៃ​ទ្រី​ប៉ា​ឡា ស៊ី​រី​សេនា ដែលមាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ ជំរុញ​ចំណង​ដ៏​ប្រពៃ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈាន​ខ្ពស់​ឡើង មួយកម្រិត​ទៀត​។​ភាគី​ទាំងពីរ​ក៏​បានកត់សម្គាល់​ដោយ​ការពេញចិត្ត ចំពោះ​ការបង្កើត​ភាពជា​ដៃគូ​ដ៏​រឹងមាំ ក្នុង​កម្រិត​ទ្វេភាគី តំបន់ និង​ពហុភាគី រវាង​កម្ពុជា និង​ស្រីលង្កា ក្នុង​បំណង​នាំមក​នូវ​សន្តិភាព ស្ថិរភាព ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ប្រជាជាតិ​ទាំងពីរ និង​ពិភពលោក​។

​មេដឹកនាំ​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ប្រគល់​ភារៈកិច្ច ជូន​ស្ថាប័ន​ពាក់ព័ន្ធ​រៀងខ្លួន ឱ្យ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ការផ្លាស់ប្តូរ​ទេសចរណ៍​។ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​កម្ពុជា និង​ស្រីលង្កា សហការគ្នា​ជិតស្និទ្ធ ដើម្បី​ប្រើប្រាស់​ឱ្យអស់​នូវ​សក្តានុពល​សេដ្ឋកិច្ច និង​ឱកាស​ធុរកិច្ច​ក្នុងប្រទេស​ទាំងពីរ​។ ក្នុងន័យនេះ មេដឹកនាំ​ទាំងពីរ​បាន​សម្តែង​ការពេញចិត្ត ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការយោគយល់​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង សភាពាណិជ្ជកម្ម​កូឡុំបូ ស្រីលង្កា​។​

​កម្ពុជា និង​ស្រីលង្កា មាន​សក្តានុពល​ដ៏​ធំធេង​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​បាន​ឯកភាព​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀងខ្លួន សហការគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​រួមគ្នា ដោយ​ប្រើប្រាស់​សក្តានុពល​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ដ៏​សម្បូរ បែប​នៃ​ប្រទេស​ទាំងពីរ សំដៅ​បង្កើន​ការផ្លាស់ប្តូរ​ទេសចរណ៍​។​
​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​ស្រីលង្កា​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា យ៉ាង​ទូលំទូលាយ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ភាគី​ទាំងពីរ មាន​ការចាប់អារម្មណ៍ និង​បារម្ភ​ដូចគ្នា​។ ក្រោយ​បញ្ចប់​កិច្ចពិភាក្សា ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ធ្វើជា​សាក្សី ក្នុង​ការចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា មាន អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា​។ អនុស្សរណៈ​យោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា ជាមួយ​សភាពាណិជ្ជកម្ម​កូឡុំបូ នៅ​ស្រីលង្កា​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ឯកភាព​ពន្លឿ​ន ការចុះហត្ថលេខា​លើ​ឯកសារ ដូចខាងក្រោម​ផងដែរ គឺ​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ ចំពោះ​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​។ កិច្ចព្រមព្រៀង​ស្តីពី​សេវាកម្ម​ដឹកជញ្ជូន ផ្លូវអាកាស​។ អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ទេសចរណ៍​។​

​ប្រធានាធិបតី ម៉ៃ​ទ្រី​ប៉ា​ឡា ស៊ី​រី​សេនា បាន​អញ្ជើញ​ចូលរួម​ពិធី​តំកល់​ដើម​ពោធិ៍​សក្ការៈ ពី​ប្រទេស​ស្រីលង្កា នៅ​វត្ត​លង្កា ព្រះកុសុមា​រាម និង​បាន​ចូលរួម​ផងដែរ ក្នុង​ពិធី​ដាំ​ដើមឈើ​ជាតិ​របស់​ប្រទេស​ស្រីលង្កា ដែលជា​អំណោយ​របស់លោក​ប្រធានាធិបតី ចំពោះ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧត្តុង្គ ដើម្បី​ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ស្រីលង្កា និង​កម្ពុជា​។​

​លោក​ប្រធានាធិបតី ម៉ៃ​ទ្រី​ប៉ា​ឡា ស៊ី​រី​សេនា បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ហ៊ុន សែន រួមទាំង​ប្រជាជន​កម្ពុជា ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បដិសណ្ឋារកិច្ច​ដ៏​រាក់ទាក់ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នេះ​។ លោក​បាន​ស្នើសុំ​យាង ព្រះករុណា ព្រះមហាក្សត្រ​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​អញ្ជើញលោក​ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ស្រីលង្កា ក្នុងពេល​សមស្រប​នា​អនាគត​៕

ព័ត៌មានផ្សេងទៀត