ក្រសួងបរិស្ថាន​ ធ្វើចលនាប្រឡងប្រណាំង​ វាយតម្លៃស្វែងរកអង្គភាពឆ្នើម​ ក្រោមឱវាទ​

10-08-2019 2:49 pm 92

«ចលនាប្រឡងប្រណាំង វាយតម្លៃ និងទទួលស្គាល់អង្គភាពក្រោមចំណុះក្រសួងបរិស្ថាន ធ្វើឡើងដើម្បីស្វែងរកអង្គភាពឆ្នើមក្នុងការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន។ ការប្រឡងប្រណាំងជាឧបករណ៍ចាំបាច់មួយ បង្កើនប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបនឹងកំណើនព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្លើយតបនឹងគណនេយ្យភាពរបស់រដ្ឋបាលសាធារណៈ»។ នេះជាការលើកឡើករបស់លោក​សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅនា ថ្ងៃទី៩ ខែសីហា នៅក្នុងឱកាសនៃពិធីប្រកាសដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យបរិស្ថានឆ្នាំ ២០១៩។

លោកមានប្រសាសន៍ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពរបស់ អង្គភាពក្រោមឱវាទក្រសួងបរិស្ថានក្នុងការងារសេវា និងការផ្តល់សេវាសាធារណៈក្នុងវិស័យបរិស្ថាន ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងរដ្ឋបាលទំនើបរបស់ក្រសួងបរិស្ថាន សំដៅអនុវត្តគោលនយោបាយ «កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព» ឱ្យកាន់តែប្រសើរឡើង។

អង្គភាពផ្តល់សេវាសាធារណៈគំរូដែលនឹងត្រូវប្រឡងប្រណាំងរួមមាននាយកដ្ឋានទាំងអស់ក្នុងទីស្តីការក្រសួង មន្ទីរបរិស្ថានរាជធានីខេត្ត តំបន់ការពារធម្មជាតិ និងសហគមន៍។ អង្គភាពដែលនឹងជាប់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូនឹងត្រូវទទួលបាននូវ បណ្ណសរសើរភ្ជាប់ជាមួយថវិកាជារង្វាន់លើកទឹកចិត្តផងដែរដោយក្នុងនោះជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៤០លានរៀល លេខ២ ទទួលបានទឹកប្រាក់ ៣០លានរៀល និងជ័យលាភីលេខ ៣ នឹង ទទួលបានថវិកាជារង្វាន់លើកទឹកចិត្តចំនួន ២០លានរៀល។

លោកសាយ សំអាល់ គូសបញ្ជាក់ថា ការបង្កើតឱ្យមានការប្រឡងប្រណាំងអង្គភាពចំណុះក្រសួងបរិស្ថាននេះគឺដើម្បីបំផុសចេញនូវភាពជាអ្នកដឹកនាំ ជាគំរូ ថែមទាំងបង្ហាញភាពអព្យាក្រឹត្យក្នុងនាម ជាមេដឹកនាំ និងលើកទឹកចិត្តដល់អ្នកដទៃ និងធ្វើយ៉ាងណាឱ្យសក្តិសមជាមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរដែលពោរពេញ ។ លោកបានគូសបញ្ជាក់ថា អ្វីដែលយើងចង់បានគឺចង់ឱ្យសមត្ថភាពមន្ត្រីរបស់យើងមានការវិវឌ្ឍទៅមុខជាមួយនឹងការបង្កើនចំណេះដឹងផ្សេងៗ និងប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ប្រកបដោយសមត្ថភាព និងស្មារតីម្ចាស់ការ និងសហការ៕

ព័ត៌មានផ្សេងទៀត