ក្រុមបាតុករ​​ហុងកុង​​បន្ដ​ជួបជុំ​ជាថ្មី​​នៅ​អាកាសយានដ្ឋាន​​ក្នុង​ក្រុង​

09-08-2019 3:36 pm 393
រូបភាព​ក្រុមបាតុករ​កំពុងអង្គុយ​​នៅអាកាស​យានដ្ឋាន

​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង បានចាប់ផ្ដើម​ការប្រមូល​ផ្ដុំ​រយៈពេល​បី​ថ្ងៃ​នៅ​ថ្ងៃទី​០៩​សីហា​នេះ ស្ថិតនៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ក្នុង​ក្រុង ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកដំណើរ​អន្ដរជាតិ ខណៈ​ការតវ៉ា​ទូទាំង​ក្រុង​ចាប់ផ្ដើម​ពីរ​ខែ​មកហើយ​។ នេះ​គឺជា​លើក​ទី​ពីរ​ដែលមាន​ការជួបជុំ​នៅ​អាកាសយានដ្ឋាន​របស់​ក្រុមបាតុករ ហើយ​លើក​នេះ​ពួកគេ​បាន​សរសេរ​បដា​ថា “​ហុងកុង​ដើម្បី​សេរីភាព​” និង “​សូម​ទទួល​យ៉ាង​កក់ក្ដៅ​ភ្ញៀវ​ដែល​ធ្វើដំណើរ​មក​ហុងកុង​”​។​

​ការប្រមូលផ្ដុំ​គ្រោង​ធ្វើឡើង​រយៈពេល​បី​ថ្ងៃនេះ​ទៀតសោត ពុំ​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ទេ ប៉ុន្ដែ​ក្រុមបាតុករ​ជួបជុំ​ដោយ​សន្ដិភាពមិនបាន​រំខាន​ដល់​ជើងហោះហើរ​ឡើយ​។ ការតវ៉ា​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន បាន​ក្លាយជា​ចលនា​រីក​រាលដាល​ទូទាំង​ក្រុង ដើម្បី​ស្វែងរក​ការផ្លាស់ប្ដូរ​សេរីភាព​។ ក្រុមបាតុករ​បាន​ធ្វើបាតុកម្ម​ពាសពេញ​ក្រុង​ហុងកុង និង​បាន​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ មនុស្ស​ចាស់ អ្នកច្បាប់ មន្ដ្រីរាជការ ដើម្បី​បង្ហាញ​ពី​ការទាមទារ​ឲ្យមាន​ការគាំទ្រ​និង​ធ្វើឲ្យមាន​ភាព​ស្ថិតស្ថេរ​។​

​ការតវ៉ា​នៅក្នុង​ក្រុង​ហុងកុង​នៅពេលនេះ គឺជា​ការតវ៉ា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​គំរាមកំហែង​ដល់​ទីក្រុង​ប៉េកាំង គិត​តាំងពី​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ នៅពេលដែល​ការតវ៉ា​ផ្ទុះ​ជា​អំពើហិង្សា មាន​ប្រទេស​ជាច្រើន​បានចេញ​ការព្រមាន​ដល់​ប្រជាជន​ខ្លួន ពី​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហុងកុង​។ ចំណែក​សហរដ្ឋអាមេរិក​ក្នុង​សប្ដាហ៍​នេះ បានប្រកាសឲ្យ​ប្រជាជន​ខ្លួន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។​

​សម្រាប់​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ប៉ុន្មាន​ថ្ងៃមុន​ថា ចលនា​តវ៉ា​នៅ​ហុងកុង​កំពុង​រុញច្រាន​ឲ្យ​ហុងកុង​ជួប​គ្រោះថ្នាក់​ធំ​។ លោកស្រី​ថា​ពេលនេះ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ច្បាប់​និង​សណ្ដាប់ធ្នាប់ ស្របពេល​ប្រជាជន​ហុងកុង​កំពុង​ប្រឈម​បញ្ហា​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ រដ្ឋាភិបាល​លោកស្រី​កំពុង​ផ្ដោត​សំខាន់ លើ​ការជួសជុល​ច្បាប់​និង​សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត