០៩​សីហា​​២០១៩​​ខួប​៧៤​ឆ្នាំ​​នៃ​ការទម្លាក់​គ្រាប់​​នៅ​ទីក្រុង​​ណាហ្គា​សា​គី​

09-08-2019 9:58 am 156

​នៅ​ថ្ងៃទី​០៩​សីហា​នេះ​គឺជា​ខួប​៧៤​ឆ្នាំ ដែល​អាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូ​លើ​ទីក្រុង​ណាហ្គា​សា​គី​របស់​ជប៉ុន​។ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​២​គ្រាប់​លើ​ប្រទេស​ជប៉ុន មួយ​គ្រាប់​ទៅលើ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ានៅ​ថ្ងៃទី​០៦​សីហា​ឆ្នាំ​១៩៤៥ និង​មួយ​គ្រាប់​ទៀត​នៅ​ទីក្រុង​ណាហ្គា​សា​គី​ថ្ងៃទី​០៩​សីហា​ឆ្នាំ​១៩៤៥ ដោយ​ការទម្លាក់​គ្រាប់បែក​ទាំងពីរ​គ្រាប់​នេះហើយ ដែល​ធ្វើឲ្យ​ជប៉ុន​ចុះចាញ់​សង្គ្រាមលោកលើកទី​ពីរ ព្រោះ​បាន​បង្ក​វិនាស​សកម្ម​យ៉ាង​ធំធេង​បំផុត​រហូត​ជប៉ុន​មិនអាច​ទ្រាំទ្រ​បាន​។ 

​ជា​រៀងរាល់ឆ្នាំ​ជប៉ុន​តែង​រម្លឹក​ខួប​នៃ​ការទម្លាក់​គ្រាប់បែក ហើយ​ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំមុន​ដែរ​។ ពិធី​រម្លឹក​ខួប​ធ្វើឡើង​នៅ​ឧស្យាន​សន្ដិភាព​ក្នុង​ទីក្រុង​ណាហ្គា​សា​គី បន្ទាប់ពី​នៅ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​បានរៀបចំ​រួចរាល់​កាលពី​ថ្ងៃទី​០៦​សីហា​។ នៅ​ណាហ្គា​សា​គី​មាន​ការចូលរួម​ពី​លោក​នាយករដ្ឋមន្ដ្រី​ស៊ីន​ហ្ស៊ូ អាបេ មន្ដ្រី​អ្នកមុខអ្នកការ និង​ប្រជាជន​ជាច្រើន​នាក់​ទៀត​។ នៅ​ម៉ោង​១១​និង​០២​នាទី​ជា​ពេលវេលា​ទម្លាក់​គ្រាប់បែក គ្រប់គ្នា​ដែល​ចូលរួម​ក្នុង​ពិធី​ត្រូវ​ស្ងៀមស្ងាត់  ហើយ​ក្រៅពីនេះ​មាន​ពិធី​ជាច្រើន​ទៀត​ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​។​

​សូម​រម្លឹកថា ហេតុការណ៍​ទម្លាក់​គ្រាប់បែក​ទាំងពីរ​គ្រាប់​នេះ បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ចន្លោះ​ពី​១២៩, ០០០​នាក់​ទៅ​២២៦,០០០​នាក់ ភាគច្រើន​គឺជា​ជន​ស៊ីវិល​។ នៅ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​១៩៤៥ ជប៉ុន​បានប្រកាស​ចុះចាញ់​សង្គ្រាមលោកលើកទីពីរ​។ ការ​រងគ្រោះ​ដោយសារ​គ្រាប់បែកបរមាណូ​នេះ ជា​មេ​រៀន​ប្រវត្ដិសាស្ដ្រ​មួយដែល​ស្ដែង​ឲ្យឃើញ​ពី​ឥទ្ធិពល​នៃ​អាវុធ​នុយក្លេអ៊ែរ ហើយក៏​ជា​រឿង​ជូរចត់​បំផុត​ដែល​ជប៉ុន​បាន​កត់ត្រា​ទុក​ក្នុង​ប្រវត្ដិសាស្ដ្រ​៕

ព័ត៌មានផ្សេងទៀត